ក្រសួងទេសចរណ៍កម្ពុជា និងភ្នាក់ងារទេសចរណ៍រដ្ឋ អាស៊ែបៃហ្សង់ ឯកភាពអនុវត្ត MoU ២០២៥ ស្តីពីកិច្ចសហប្រតិបត្តិការ ទេសចរណ៍ឱ្យកាន់តែសកម្ម
ភ្នំពេញ ៖ ក្រសួងទេសចរណ៍កម្ពុជា និងទីភ្នាក់ងារទេសចរណ៍រដ្ឋ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ (State Tourism Agency of Republic of Azerbaijan) ដែលជាស្ថាប័នជាតិ ទទួលបន្ទុកវិស័យទេសចរណ៍ បានឯកភាពអនុវត្តអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០២៥ ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ឱ្យកាន់តែសកម្ម និងជាក់ស្តែងបន្ថែមទៀត ។

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារ និងផ្លាស់ប្តូរទស្សនៈស៊ីជម្រៅ ជាមួយលោកម Fuad Naghiyev ប្រធានទីភ្នាក់ងារទេសចរណ៍រដ្ឋ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ (State Tourism Agency of Republic of Azerbaijan) ដោយមានការចូលរួមពីលោក Florian Sengstschmid នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាភិបាលផ្សព្វផ្សាយ ទេសចរណ៍អាស៊ែបៃហ្សង់ (Azerbaijan Tourism Board) និងសហការីជាន់ខ្ពស់ លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទេសចរណ៍រវាងប្រទេសទាំងពីរ។

តាមរយៈកិច្ចពិភាក្សាប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរ បានឯកភាពបង្កើនទំនាក់ទំនង និងការផ្លាស់ប្តូរទស្សនកិច្ចស្វែងយល់ ពីសក្កានុពល (FAM Trip) រវាងស្ថាប័នទេសចរណ៍ជាតិទាំងពីរ និងជំរុញការអនុវត្តអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគី ដែលបានចុះហត្ថលេខា កាលពីខែកក្កដា ឆ្នាំ២០២៥ កន្លងទៅឱ្យកាន់តែសកម្ម និងជាក់ស្តែងបន្ថែមទៀត ព្រមទាំងផ្តោតលើការបង្កើនការផ្សព្វផ្សាយ ពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគ របស់ប្រទេសទាំងពីរ ដល់ប្រជាជន និងវិនិយោគិន នៃប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះដែរ ភាគីទាំងពីរ ក៏បានឯកភាពភ្ជាប់ទំនាក់ទំនងការងារ រវាងក្រុមប្រឹក្សាភិបាលផ្សព្វផ្សាយ ទេសចរណ៍អាស៊ែបៃហ្សង់ (Azerbaijan Tourism Board) និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (Cambodia Tourism Board-CTB) លើការជំរុញផ្សព្វផ្សាយ សក្តានុពលទេសចរណ៍ ជាលក្ខណៈបំពេញបន្ថែមគ្នារវាងប្រទេសទាំងពីរ ព្រមទាំងការរៀបចំជំនួបការងារ ជាមួយវិស័យឯកជន ផ្នែកទេសចរណ៍របស់កម្ពុជាផងដែរ ។

សូមបញ្ជាក់ថា ជំនួបរបស់រដ្ឋមន្ត្រី ហួត ហាក់ ខាងលើនេះ ធ្វើឡើងឱកាសដែលរដ្ឋមន្ត្រី អមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ព្រមទាំងចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី៕


