Feature

មេបញ្ជាការយោធភូមិភាគទី៥ ប្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន អំពីការវិវត្តថ្មីៗ នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ បានថ្លែងប្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រយោធភូមិភាគទី៥។

តាមរយៈសេចក្ដីសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលរៀបចំជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ និងក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ដឹកនាំដោយ ឧត្តមនាវីត្រី GLENN Z. DIZON ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) នៅខេត្តបាត់ដំបង។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និង ជាមេបញ្ជាការយោធភូមិភាគទី៥ បានថ្លែងនូវការស្វាគមន៍ ចំពោះក្រុមអ្នកសង្កេតការណ៍អាស៊ាន ប្រចាំប្រទេសកម្ពុជា ក្រោមអាណត្តិដឹកនាំដោយប្រទេសហ្វីលីពីន ដែលបានអញ្ជើញ មកកាន់បញ្ជាការដ្ឋាន យោធភូមិភាគទី៥ នាពេលនេះ។

លោក មេបញ្ជាការ បានសម្តែងនូវការអរគុណយ៉ាងក្រៃលែង ចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងកិច្ចខិតខំប្រឹងប្រែង របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន កន្លងមករហូតដល់បច្ចុប្បន្ន ក្នុងការចូលរួមគាំទ្រដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងទំនុកចិត្តក្នុងតំបន់ ក្រោមយន្តការអាស៊ាន។ ទន្ទឹមនឹងនេះ លោក មេបញ្ជាការ ក៏បានជម្រាបជូនប្រតិភូក្រុមអ្នកសង្កេតការណ៍អាស៊ាន អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រយោធភូមិភាគទី៥ ផងដែរ។

ជាការឆ្លើយតប ឧត្តមនាវីត្រី GLENN Z. DIZON ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) នៃប្រទេសហ្វីលីពីនប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់យោធភូមិភាគទី៥ ដែលតែងតែសម្របសម្រួល និងផ្តល់ភាពងាយស្រួលគ្រប់បេសកកម្មទាំងអស់ក្នុងការចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍នៅ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្រោយបទឈប់បាញ់ចូលជាធរមាន និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបំពេញបេសកកម្មដ៏មានសារៈសំខាន់នេះ ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពពិតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងពង្រឹងតួនាទី ដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការធានាការអនុវត្តបទឈប់បាញ់ រវាងកម្ពុជានិងថៃ ដើម្បីលើកកម្ពស់តម្លាភាព ការជឿទុកចិត្តគ្នា និងការពារអាយុជីវិតប្រជាពលរដ្ឋ។ ព្រមជាមួយគ្នានេះ កម្ពុជាស្វាគមន៍ជានិច្ចចំពោះបណ្តាប្រទេសជាមិត្តក្នុងការបញ្ជូនអ្នកសង្កេតការណ៍ឬចូលរួមជួយលើកិច្ចការសន្តិភាព។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា នៅតែបន្តការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរអង្វែង៕

To Top