ក្រុមហេកឃ័រ បញ្ជាពីចម្ងាយបង្កើនកម្ដៅ នៅក្នុងទូរទឹកកក ក្នុងផ្សារទំនើបរាប់រយផ្សារ នៅទូទាំងប្រទេសបារាំង ឱ្យឡើងដល់៥០អង្សារ ខូចខាតអាហារ និងសាច់ នាំឱ្យខាតបង់ទឹកប្រាក់រាប់លានអឺរ៉ូ
បរទេស៖ យោងតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងការបញ្ជាក់ពីថ្នាក់ដឹកនាំក្នុងវិស័យនេះ បានឱ្យដឹងថា ក្រុមហេកឃ័រ (hackers) បានធ្វើការបញ្ជាពីចម្ងាយ ដើម្បីបង្កើនកម្ដៅនៅក្នុងទូរទឹកកកទៅលើផ្សារទំនើប រាប់រយផ្សារនៅទូទាំងប្រទេសបារាំង ដែលបណ្តាលឱ្យខូចខាតអាហារស្រស់ និងអាហារកកអស់ជាច្រើនតោន។ ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតដ៏ធំនេះ បានធ្វើឱ្យអាជីវករលក់រាយប្រឈមនឹងការខាតបង់ទឹកប្រាក់រាប់លានអឺរ៉ូ ហើយហាងមួយចំនួន ត្រូវបានបង្ខំឱ្យបិទទ្វារជាបណ្តោះអាសន្ន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ថា យោងតាមកាសែត Le Monde បានឱ្យដឹងថា ការវាយប្រហារនេះបានកើតឡើងនៅយប់ ឈានចូលថ្ងៃចន្ទ ដោយប៉ះពាល់ដល់ផ្សារទំនើប Intermarche និង Netto ប្រហែល ៣០០កន្លែង, ហាង Cooperative U ចំនួន ១០០កន្លែង, ផ្សារទំនើប Carrefour ចំនួន ៨០កន្លែង, ហាង Monoprix ចំនួន ៣០កន្លែង និងហាង E.Leclerc មួយចំនួនទៀត ដែលធ្វើឱ្យចំនួនសរុបប៉ាន់ស្មានមានលើសពី ៥០០កន្លែង។
ក្រៅពីផ្សារទំនើប ការវាយប្រហារ តាមប្រព័ន្ធអ៊ីនធឺណិតនេះក៏បានប៉ះពាល់ដល់ក្រុមហ៊ុនលក់ដុំ Metro និងសមាជិកនៃសមាគម ឧស្សាហកម្មសាច់បារាំងឈ្មោះ Culture Viande ផងដែរ ហើយអ្នកលក់សាច់ឯករាជ្យក៏អាចរងផលប៉ះពាល់ដូចគ្នាដែរ។
យោងតាមស្ថានីយទូរទស្សន៍ BFM-TV គឺក្រុមហេកឃ័របានកំណត់គោលដៅលើប្រព័ន្ធគ្រប់គ្រង ទូរទឹកកកដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន ផលិតរបស់ប្រទេសដាណឺម៉ាកឈ្មោះ Danfoss ដែលអនុញ្ញាតឱ្យអ្នកបច្ចេកទេសអាចកែតម្រូវសីតុណ្ហភាពពីចម្ងាយបាន។ ក្រុមជនល្មើសបានបើកដំណើរការប្រព័ន្ធរលាយទឹកកកដោយស្វ័យប្រវត្តិ ដែលបង្ខំឱ្យទូរទឹកកកឡើងកម្ដៅ (ក្នុងករណីខ្លះឡើងដល់ ៥០អង្សាសេ) ។
ទំហំនៃការខាតបង់ពិតប្រាកដមិនទាន់ច្បាស់លាស់នៅឡើយទេ ប៉ុន្តែហាង Intermarche មួយកន្លែងនៅទីក្រុង Haguenau ភាគខាងកើតប្រទេសបារាំង បានខាតបង់អាហារកកដែលមានតម្លៃប្រហែល ៥០.០០០ អឺរ៉ូ (៥៦.០០០ ដុល្លារអាមេរិក)។ ចំណែកហាង E.Leclerc មួយកន្លែងទៀតនៅតំបន់ Wasselonne ដែលស្ថិតនៅក្បែរនោះ បានបង្ខំចិត្តបោះចោលផលិតផលស្រស់ និងផលិតផលកកដែលមានតម្លៃ ២២០.០០០ អឺរ៉ូ។
ប្រែសម្រួលៈ តុលា
