ប្រទេសចិន កាត់ទោសប្រហារជីវិតមនុស្ស ៣ នាក់ ពីបទដំណើរការមជ្ឈមណ្ឌលបោកប្រាស់ ដ៏ឃោរឃៅនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលពាក់ព័ន្ធ ក្នុងក្រុមឧក្រិដ្ឋជនត្រកូល Wei
បរទេស៖ នៅថ្ងៃអង្គារ តុលាការចិនមួយបានកាត់ទោសប្រហារជីវិត សមាជិកបីនាក់នៃក្រុមឧក្រិដ្ឋជនមួយក្រុម ដោយសារពួកគេបានដំណើរ ការបណ្តាញមជ្ឈមណ្ឌលបោកប្រាស់ ដ៏ឃោរឃៅនៅក្នុងតំបន់ Kokang នៃប្រទេសមីយ៉ាន់ម៉ា ដែលស្ថិតនៅជាប់ព្រំដែនប្រទេសចិន ខណៈដែលសមាជិកជាច្រើននាក់ទៀតត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ។
យោងតាមសារព័ត៌មាន CBS News ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ថា ប្រទេសចិនបានបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ដើម្បីបង្ក្រាបលើបណ្តាញឧក្រិដ្ឋកម្មដ៏ធំធេងមួយ ដែលបានរីករាលដាលយ៉ាងខ្លាំងនៅក្នុងតំបន់នេះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបោកប្រាស់ប្រាក់រាប់ពាន់លានដុល្លារពីប្រជាជន។
អ្នកដែលធ្វើសកម្មភាពបោកប្រាស់តាមអ៊ីនធឺណិតទាំងនោះ ខ្លះជាជនឆបោកដែលស្ម័គ្រចិត្តធ្វើសកម្មភាពនេះ ប៉ុន្តែខ្លះទៀតជាជនបរទេសដែលត្រូវបានគេជួញដូរមក ក្នុងនោះមានជនជាតិចិនជាច្រើន ដោយពួកគេត្រូវបានគេបោកបញ្ឆោតឱ្យមកធ្វើការ ហើយត្រូវបានឃុំខ្លួននៅក្នុងបរិវេណដែលមានលក្ខណៈដូចពន្ធនាគារ។
តុលាការប្រជាជនកម្រិតមធ្យមទីក្រុង Quanzhou បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ដោយបញ្ជាក់ថា ខ្លួនបានកាត់ទោសប្រហារជីវិតបុគ្គលឈ្មោះ Wei Huairen, Chen Dawei និង Liao Jingfang ចំពោះការជាប់ពាក់ព័ន្ធរបស់ពួកគេនៅក្នុង “ក្រុមឧក្រិដ្ឋជនត្រកូល Wei”។
តុលាការបានឱ្យដឹងថា ក្រុមឧក្រិដ្ឋជននេះបានពាក់ព័ន្ធនឹងបទល្មើសនានា រួមមានការជួញដូរគ្រឿងញៀន ការរៀបចំសេវាកម្មពេស្យាចារ ការបើកដំណើរការកាស៊ីណូខុសច្បាប់ ការឆបោកតាមរយៈប្រព័ន្ធទូរគមនាគមន៍ និងការសម្លាប់ពលរដ្ឋចិនយ៉ាងហោចណាស់ពីរនាក់។
តុលាការបានបញ្ជាក់ថា លោក Wei Huairen គឺជាមេខ្លោងម្នាក់ ក្នុងចំណោមមេខ្លោងរបស់ក្រុមនេះ ហើយត្រូវបានរកឃើញថា មានទោសក្នុងបទល្មើសជាច្រើន រួមទាំងបទឃាតកម្មផងដែរ។
សកម្មភាពរបស់ក្រុមឧក្រិដ្ឋជននេះបានរកប្រាក់ចំណូលបានជាង ១២,២ ពាន់លានយន់ ស្មើនឹងប្រហែល ១,៨ ពាន់លានដុល្លារអាមេរិក។
ប្រែសម្រួលៈ តុលា
