រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១៤ឆ្នាំ
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៦ នេះ បានប្រារព្ធពិធី គោរពវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ យាងសោយទិវង្គតគម្រប់ខួប ១៤ឆ្នាំ ។

ពិធីនេះប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងដោយមានការនិមន្តអញ្ជើញចូលរួមពីព្រះមេគណខេត្ត ព្រះមន្ត្រីសង្ឃខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនរូប។

ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ស្ថិតក្នុងទឹកមុខស្រពត់ស្រពោន ក្រៀមក្រំ និងសោកស្តាយយ៉ាងក្រៃលែងដើម្បីចូលរួមគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ» គម្រប់ខួប១៤ឆ្នាំ ដែលព្រះអង្គបានយាងចូលទីវង្គត់កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ
២០១២កន្លងទៅ។

ការយាងចូលទីវង្គត់ របស់ព្រះបរមរតនកោដ្ឋ គឺជាការបាត់បង់វីរៈមហាក្សត្រមួយព្រះអង្គដ៏ឆ្នើមបំផុត របស់ព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះបិតាឯករាជ្យជាតិ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានបូជាព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុ ឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិបង្រួបបង្រួមជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីជាការតបស្នងនូវព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ ដ៏ថ្លៃថ្លាឧត្ដុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ។

ទូលព្រះបង្គំ ព្រះករុណា ខ្ញុំ រួមជាមួយ លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត សូមលើកហត្ថប្រណម្យកំបង់អញ្ជលី បួងសួងឧទ្ទិសថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» សូមព្រះអង្គទ្រង់ព្រះមេត្តា ទទួលមហាកុសល ដែលកូនចៅ ចៅទួតរបស់ព្រះអង្គ បានឧទ្ទិសថ្វាយនាឱកាសនេះ និងសូមព្រះវិញ្ញាណក្ខន្ធព្រះអង្គ ជួយរក្សា ឃុំគ្រងទឹកដី និងប្រជារាស្ត្រនៃកម្ពុជា សូមទទួលបានសេចក្តីសុខក្សេមក្សាន្តកុំបីឃ្លៀងឃ្លាតឡើយ។

គួររំលឹកដែរថា ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ព្រះអង្គបានប្រសូតនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ និងបានយាងចូលព្រះទិវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នាទីក្រុងប៉េកាំង៕





អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា
