ប្រធានអង្គការណាតូ បញ្ជាក់ថា មិនមានការគំរាមកំហែងភ្លាមៗ ពីសំណាក់រុស្ស៊ីមកលើទឹកដី សម្ព័ន្ធមិត្តរបស់ខ្លួនឡើយ
តាលីន៖ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានឧ្យដឹងថា អង្គការនេះមិនបានមើលឃើញ ពីការគំរាមកំហែងភ្លាមៗ នៃការវាយប្រហាររបស់រុស្ស៊ី មកលើទឹកដីរបស់ខ្លួននោះទេ ប៉ុន្តែលោកបានបន្ថែមថា អង្គការនឹងចាត់វិធានការឆ្លើយតប ប្រសិនបើរកឃើញមានការបង្កើន កម្លាំងយោធារបស់រុស្ស៊ី ដែលបង្ហាញពីការត្រៀមខ្លួន សម្រាប់ការវាយប្រហារ។
លោក Rutte បានថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្ត្រីអេស្តូនី លោក Kristen Michal នៅទីក្រុងតាលីន។
ទន្ទឹមនឹងនេះ ប្រធានអង្គការណាតូ រូបនេះបានអំពាវនាវ ដល់បណ្តាប្រទេស ជាសម្ព័ន្ធមិត្តឱ្យបង្កើន ជំនួយយោធាដល់អ៊ុយក្រែន ជាពិសេសការគាំទ្រ ផ្នែកការពារដែនអាកាស នៅពេលដែលរដូវរងាកំពុងខិតជិតមកដល់។
ចំណែកឯលោក Michal បានលើកឡើងថា ប្រទេសអេស្តូនី ចាត់ទុកការបន្តគាំទ្រដល់អ៊ុយក្រែនថា ជាផ្នែកដ៏សំខាន់មួយ នៃសន្តិសុខរបស់ខ្លួន ។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនៅប្រទេសអេស្តូនី លោក Mark Rutte ក៏មានគម្រោងជួបជាមួយមន្ត្រីជាន់ខ្ពស់របស់អេស្តូនី ទស្សនា មូលដ្ឋានទ័ពអាកាស Amari និងថ្លែងសុន្ទរកថានៅសាកលវិទ្យាល័យ បច្ចេកវិទ្យាតាលីន ផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
