មន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរ បន្តតាមដានហ្វូងដំរីព្រៃ បន្ទាប់ពីចូលរុះរើរោងស្នាក់នៅ បណ្តោះអាសន្នរបស់ពលរដ្ឋ បណ្ដាលឱ្យកុមារាម្នាក់ស្លាប់ នៅស្រុកជាំក្សាន្ត
ព្រះវិហារ ៖ ក្រុមមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ បាននិងកំពុងសហការ យ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ ដើម្បីតាមដានយ៉ាងយកចិត្តទុកដាក់ លើរាល់សកម្មភាព ចល័តរបស់ហ្វូងដំរីព្រៃ ក្នុងគោលបំណងបង្ការគ្រោះថ្នាក់ ជាយថាហេតុ និងកាត់បន្ថយជម្លោះរវាងមនុស្ស និង សត្វព្រៃ បន្ទាប់ពីមានករណីហ្វូងដំរីព្រៃ បានប៉ះពាល់ លើរោងស្នាក់នៅ បណ្តោះអាសន្នរបស់ប្រជាពលរដ្ឋ នាយប់ថ្ងៃទី១៣ ខែតុលា ក្នុងភូមិសាស្រ្តស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់នៅព្រឹកថ្ងៃទី១៥ ខែតុលា នេះ ថា សមត្ថកិច្ច រួមមាន មន្រ្តីឧទ្យានុរក្ស និងកម្លាំងបញ្ជាការកងឯកភាព នៃរដ្ឋបាលស្រុកជាំក្សាន្ត រួមជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្បែរកន្លែងដំរីធ្វើដំណើរ បាននិងកំពុង តាមដាន ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងការពារសត្វដំរីព្រៃ ដែលជាប្រភេទសត្វកម្រនិង មានវិធានការចំពោះមុខផងដែរ។
អ្នកនាំពាក្យក្រសួង បានឱ្យដឹងថា ក្រុមការងារបានចុះល្បាត និង តាមដានដានជើង ក៏ដូចជាទិសដៅចល័ត របស់ហ្វូងដំរីទាំងនោះ ដើម្បីដឹងច្បាស់ថា ពួកវាកំពុងស្ថិតនៅតំបន់ណា និងដើម្បីទប់ស្កាត់ កុំឱ្យពួកវាខិតជិតចូលមកកាន់ទីប្រជុំជន ឬចម្ការរបស់ពលរដ្ឋ ។ ក្រុមការងារបានបន្តអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ផ្អាកការចូលព្រៃជ្រៅ ឬការបោះជំរំ/រោងស្នាក់នៅ បណ្តោះអាសន្ននៅក្នុងតំបន់ព្រៃ ដែលជាច្រកចល័តរបស់ដំរី។

លើសពីនេះ មន្ត្រីជំនាញបានណែនាំពលរដ្ឋអំពីវិធីសាស្ត្រ បង្ការការពារកុំឱ្យមានជម្លោះជាមួយដំរី ដូចជាការប្រើប្រាស់សំឡេង ឬពន្លឺ ជៀសវាងដាច់ខាត នូវការប្រើប្រាស់អាវុធ ឬឧបករណ៍ ដែលអាចបង្ករបួសស្នាម ឬគ្រោះថ្នាក់ដល់ជីវិតសត្វដំរីព្រៃទាំងនោះ។
តាមការបញ្ជាក់ពីមន្ទីរបរិស្ថាន វត្តមានសត្វដំរីព្រៃនៅ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ តែងតែធ្វើការចល័ត ចុះឡើងរវាងដែនជម្រកសត្វព្រៃ នៅតាមបណ្តោយជួរភ្នំដងរ៉ែក ចន្លោះពី១០ទៅ២០ក្បាល។ ជាមួយគ្នានេះក្រុមការងារចម្រុះ កំពុងបន្តស្ថិតក្នុងស្ថានភាពត្រៀមលក្ខណៈ និងតាមដានយ៉ាងដិតដល់បំផុត ដើម្បីធានាបាននូវសុខសុវត្ថិភាព ទាំងសម្រាប់ប្រជាពលរដ្ឋ និងការអភិរក្សសត្វព្រៃនៅក្នុងតំបន់។

គួររំលឹកថា កាលយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ មានករណីដ៏សោកសង្រេងមួយ បានកើតឡើង ដោយមានហ្វូងដំរីព្រៃប្រមាណ ៥ ទៅ ៦ ក្បាល បានចូលមករុះរើរោងស្នាក់នៅបណ្តោះអាសន្ន របស់ប្រជាពលរដ្ឋ ដែលប្រើប្រាស់សម្រាប់សម្រាក ដើម្បីរកត្រី នៅចំណុចកញ្ចាំង ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ឧបទ្ទវហេតុនេះ បានត្រូវក្រុមការងារបានជួយសង្រ្គោះ និងបាននាំយកជនរងគ្រោះចំនួន២នាក់ ទៅសង្រ្គោះនៅមន្ទីរពេទ្យ ក្នុងនោះ កុមារាចំនួន ១នាក់ អាយុ ១១ ឆ្នាំ ស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅមន្ទីរពេទ្យ និងស្ត្រីជាម្តាយ អាយុ ៤៩ ឆ្នាំ រងរបួសធ្ងន់ និងកំពុងសម្រាកនៅមន្ទីរពេទ្យ។
