ព័ត៌មានជាតិ

កម្ពុជា-អាស៊ែបៃហ្សង់ លើកកម្ពស់កិច្ចប្រតិបត្តិការក្នុង វិស័យសេវាសាធារណៈជូនពលរដ្ឋ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Ali Asadov នាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់ បានឯកភាពគ្នា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុង វិស័យសេវាសាធារណៈជូនប្រជាពលរដ្ឋ ដើម្បីធានាថា ការផ្តល់សេវា ជូនប្រជាពលរដ្ឋកាន់តែមានភាពពេញលេញ និងទាន់ពេល។

ការឯកភាពគ្នានេះ ធ្វេីឡេីងក្នុងជំនួបពិភាក្សាទ្វេភាគី នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាស សម្ដេចធិបតី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប លោកនាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់ បានថ្លែងថា ដំណើរទស្សនកិច្ច និងវត្តមានរបស់សម្តេចធិបតី គឺជាការបើកផ្លូវបន្ថែមទៀត ដើម្បីជំរុញការពង្រឹង និងការពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ជាមួយគ្នានេះ, លោក ក៏បានថ្លែងអំណរគុណ ចំពោះការគាំទ្ររបស់កម្ពុជា ដល់ប្រទេសអាស៊ែបៃហ្សង់ លើវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសការបន្តគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ។

ជាការឆ្លើយតប, សម្ដេចធិបតី បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក ព្រមទាំងប្ដេជ្ញាបន្តពង្រឹងទំនាក់ទំនងនេះ ឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍នៃប្រជាជាតិទាំងពីរ។

សម្តេចធិបតី និង លោក នាយករដ្ឋមន្ត្រី ក៏បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា ដើម្បីពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, ការផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងការបណ្តុះបណ្តាល លើសកម្មភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, ការធានាឱ្យបាននូវសន្តិសុខថាមពល, ការពង្រឹងការតភ្ជាប់ក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម, និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការពារជាតិ ព្រមទាំងការបន្តប្រពៃណី នៃការផ្លាស់ប្ដូរអាហារូបករណ៍ក្នុងគោលដៅលើកកម្ពស់វិស័យអប់រំ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលជាគ្រឹះយ៉ាងសំខាន់ ក្នុងការបង្កើនការយល់ដឹងពីគ្នា និងរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

ក្នុងវិស័យរដ្ឋាភិបាលឌីជីថល, សម្តេច ធិបតី និង លោក នាយករដ្ឋមន្ត្រី បានឯកភាពគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុង វិស័យសេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈ ការចែករំលែកចំណេះដឹង និងការចូលរួមអភិវឌ្ឍប្រព័ន្ធឌីជីថលនៅកម្ពុជា ដើម្បីធានាថាការផ្តល់សេវា ជូនប្រជាពលរដ្ឋកាន់តែមានភាពពេញលេញ និងទាន់ពេល៕

To Top