Feature

ថ្នាក់ជាតិ និងអាជ្ញាធរខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំបូកសរុបការខូចខាត ដើម្បីប្រញាប់បញ្ចេញស្បៀង និងពូជដំណាំ ជូនពលរដ្ឋ រងគ្រោះដោយគ្រោះមហន្តរាយ

ពោធិ៍សាត់ ៖ លោក ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា រួមជាមួយ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ នៅសាលប្រជុំកោះសំពៅមាស សាលាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងវាយតម្លៃលើផលប៉ះពាល់ ការខូចខាតដោយគ្រោះមហន្តរាយ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណង៖
ទី១. ប្រមូល និងផ្ទៀងផ្ទាត់ទិន្នន័យជាក់ស្តែង អំពីទំហំនៃផលប៉ះពាល់ និងការខូចខាតដែលបង្កឡើងដោយគ្រោះមហន្តរាយនៅតាមបណ្តាក្រុង-ស្រុក។
ទី២. រៀបចំផែនការអន្តរាគមន៍សង្គ្រោះបន្ទាន់ និងស្តារឡើងវិញក្រោយវិបត្តិ តាមរយៈការផ្តល់ពូជដំណាំ និងស្បៀងអាហារបម្រុង ជូនដល់គ្រួសាររងគ្រោះឱ្យបានទាន់ពេលវេលា។
ទី៣. ត្រៀមលក្ខណៈ និងដាក់ចេញវិធានការឆ្លើយតប ចំពោះបាតុភូតឡើងកម្តៅផែនដី ដែលអាចបង្កជាគ្រោះរាំងស្ងួតនៅតាមមូលដ្ឋាននាពេលខាងមុខ។

បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍ជាក់ស្តែង អំពីផលប៉ះពាល់ដោយគ្រោះមហន្តរាយ ទាំងគ្រោះរាំងស្ងួតអូសបន្លាយក្នុងរដូវវស្សា និងជំនន់ទឹកភ្លៀងថ្មីៗនេះ តាមបណ្តាក្រុង-ស្រុកទូទាំងខេត្ត លើកលែងតែស្រុកវាលវែងរួចមក, លោក ឡាំ ហេងហួត បានថ្លែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរយ៉ាងស្មោះ ចំពោះលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងជាពិសេស លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលជានិច្ចកាលតែងទទួលបានការលើកសរសើរពីថ្នាក់ជាតិ ចំពោះស្មារតីទទួលខុសត្រូវខ្ពស់ លើការខិតខំប្រឹងប្រែងចុះអន្តរាគមន៍ និងដោះស្រាយរាល់បញ្ហាប្រឈម ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន បានយ៉ាងទាន់ពេលវេលា ដោយមិនបង្កការលំបាកដល់ថ្នាក់ជាតិនោះឡើយ។

ផ្អែកលើលទ្ធផល នៃកិច្ចប្រជុំ លោកឡាំ ហេងហួត បានស្នើឱ្យក្រុមការងារពាក់ព័ន្ធទាំងអស់ រួសរាន់ផ្ទៀងផ្ទាត់តួលេខ និងទិន្នន័យខូចខាត ឱ្យបានច្បាស់លាស់បំផុត ដើម្បីគោរពរាយការណ៍ជូន លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ពិនិត្យ និងគោរពជូនសម្តេចប្រមុខសម្រេច ក្នុងការបញ្ចេញពូជដំណាំ ឬស្បៀងអាហារបម្រុង ទៅជួយស្តារជីវភាពប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ប្រឈមឱ្យបានឆាប់រហ័សបំផុត ៕

ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល

To Top