កម្ពុជា-អ៊ូសបេគីស្ថាន បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើគ្រប់កម្រិត
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Shavkat Mirziyoyev ប្រធានាធិបតី អ៊ូសបេគីស្ថាន បានឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើគ្រប់កម្រិត។

ជំនួបនេះបានធ្វើឡើង ក្នុងឱកាស សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប, លោកប្រធានាធិបតីអ៊ូសបេគីស្ថាន បានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា ជំនួបជាមួយសម្ដេចធិបតី នាឱកាសនេះ នឹងកាន់តែជួយជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ជាការឆ្លើយតប, សម្ដេចធិបតី បានផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅដល់រដ្ឋាភិបាល និងប្រជាជនអ៊ូសបេគីស្ថាន ក្នុងឱកាសប្រារព្ធខួបឯករាជ្យលើកទី៣៥ របស់អ៊ូសបេគីស្ថាន។

ថ្នាក់ដឹកនាំទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាង ៣ទសវត្សរ៍កន្លងមក និងបានបញ្ជាក់ថា ប្រទេសទាំងពីរនៅតែមានសក្ដានុពលជាច្រើនទៀត ក្នុងការជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី បន្ថែមទៀត ដើម្បីឧត្តមប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិទាំងពីរ។
ជាមួយគ្នានេះ, ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើគ្រប់កម្រិត តាមរយៈការលើកកម្ពស់ ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចមន្ត្រី ជាន់ខ្ពស់ឱ្យបានទៀងទាត់ និងទូលំទូលាយ, ការពង្រឹងយន្តការ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី, និងការតភ្ជាប់រវាងវិស័យឯកជន នៃប្រទេសទាំងពីរ ជាដើម។
ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា ក្នុងជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម និងការវិនិយោគ, ទេសចរណ៍, អប់រំ, ការផ្លាស់ប្តូរវប្បធម៌ និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន៕
