Feature

កម្ពុជា អំពាវនាវ​ ឱ្យមានការផ្តល់ឱកាសកាន់តែច្រើន ដល់សមាជិកអាស៊ាន ដែលកំពុងអភិវឌ្ឍ ក្នុងការដឹកនាំគម្រោង ថ្នាក់តំបន់

ភ្នំពេញ ៖ កម្ពុជា បានអំពាវនាវ ឱ្យមានការផ្តល់ឱកាសកាន់តែច្រើន ដល់ប្រទេសសមាជិកអាស៊ាន ដែលកំពុងអភិវឌ្ឍ ក្នុងការដឹកនាំគម្រោងថ្នាក់តំបន់ ខណៈមន្ត្រីអាស៊ាន បានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងកិច្ចប្រជុំលើកទី៩០ នៃគណៈកម្មាធិការអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (COSTI-90) នៅទីក្រុងដាណាំង ប្រទេសវៀតណាម នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ។

កិច្ចប្រជុំនេះរៀបចំដោយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ដោយផ្តោតលើការអនុវត្តផែនការសកម្មភាពអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦-២០៣៥ រួមទាំងអាទិភាពនានា ពាក់ព័ន្ធនឹងការផ្តល់ហិរញ្ញប្បទាន សម្រាប់ការស្រាវជ្រាវ បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាថ្មីៗ និងកិច្ចសហប្រតិបត្តិការ លើវិស័យអវកាស ។

លោក ទ្រី សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើឱ្យអាស៊ានផ្តល់ឱកាសកាន់តែច្រើនដល់ប្រទេសសមាជិកដែលកំពុងអភិវឌ្ឍ និងប្រទេសដែលមានការអភិវឌ្ឍតិចតួច ក្នុងការដឹកនាំគម្រោងថ្នាក់តំបន់។

លោក បានលើកឡើងថា «បរិយាបន្នមិន គួរមានន័យត្រឹមតែការចូលរួមប៉ុណ្ណោះទេ ប៉ុន្តែត្រូវរួមបញ្ចូលទាំង ឱកាសក្នុងការដឹកនាំ ការរួមចំណែក និងការកំណត់អាទិភាព របស់គម្រោងផងដែរ»។ លោក ក៏បានស្នើឱ្យមាន យន្តការដឹកនាំប្តូរវេន ការដឹកនាំរួមគ្នា និងការគាំទ្រការកសាង សមត្ថភាពតាមតម្រូវការជាក់លាក់។

លោក ទ្រី សុផល បានបន្ថែមថា «គោលដៅ របស់យើងគឺធានាថា ប្រទេសសមាជិកនីមួយៗ មិនត្រឹមតែមានសំឡេង ក្នុងការចូលរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឱកាស ក្នុងការដឹកនាំផងដែរ»។

សូមបញ្ជាក់ថា កិច្ចប្រជុំ ក៏បានពិនិត្យសំណើគម្រោងក្រោមមូលនិធិអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦ ដែលទទួលបានសំណើសរុបចំនួន៣០ តាមរយៈយន្តការផ្តល់ហិរញ្ញប្បទានចំនួនពីរ ក្នុងនោះមានសំណើចំនួនពីរបង្ហាញចំណាប់អារម្មណ៍ក្នុងការប្រើប្រាស់មជ្ឈមណ្ឌលកុំព្យូទ័រសមត្ថភាពខ្ពស់អាស៊ាន-សាធារណរដ្ឋកូរ៉េ៕

To Top