គុយបា ពង្រីកការប្រើប្រាស់ ថាមពលកកើតឡើងវិញ ខណៈកំពុងប្រឈមនឹង ការរារាំងការផ្គត់ផ្គង់ប្រេង ឥន្ធនៈពីសហរដ្ឋអាមេរិក
ហាវ៉ាណា៖ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានឧ្យដឹងថា បច្ចុប្បន្ននេះ ថាមពលកកើតឡើងវិញ មានចំណែកជាង ១ ភាគ ៥ នៃការផលិតអគ្គិសនី នៅក្នុងប្រទេសគុយបា ខណៈដែលប្រទេសនេះ កំពុងព្យាយាមកាត់បន្ថយផលប៉ះពាល់ ដែលបង្កឡើងដោយការរឹតត្បិត លើប្រេងឥន្ធនៈពីសំណាក់សហរដ្ឋអាមេរិក។
នៅក្នុងសារមួយបង្ហោះលើបណ្តាញសង្គម X លោក Rodriguez បានលើកឡើងថា រដ្ឋាភិបាលគុយបា និងបក្សកុម្មុយនីស្តគុយបា កំពុងឆ្លើយតបទៅនឹងការរារាំងផ្នែកថាមពលពីសហរដ្ឋអាមេរិក ដែលមានគោលបំណង «ដាក់ទោសប្រជាជនគុយបាទាំងអស់» ដោយពង្រឹងអធិបតេយ្យភាព និងដាក់ចេញនូវវិធានការនានា ដើម្បីសម្រាលផលប៉ះពាល់នៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។
លោកបានបញ្ជាក់ថា បច្ចុប្បន្នគុយបាមានស្ថានីយថាមពលពន្លឺព្រះអាទិត្យចំនួន ១៤៤ កន្លែង ដែលមានសមត្ថភាពផលិតសរុប ១.៤១៨ មេហ្គាវ៉ាត់ ខណៈដែលប្រភពថាមពលកកើតឡើងវិញមានចំណែក ២១,៤ ភាគរយនៃការផលិតអគ្គិសនីទូទាំងប្រទេស។
លោកបានបន្ថែមថា ប្រទេសនេះក៏មានស្ថានីយសាកថ្ម សម្រាប់យានយន្តអគ្គិសនីដែលប្រើប្រាស់ ថាមពលពន្លឺព្រះអាទិត្យចំនួន ៤៤ កន្លែង និងស្ថានីយសាកថ្មសាធារណៈចំនួន ៦៤ កន្លែងទៀតផង។
លើសពីនេះ មណ្ឌលសុខភាព មណ្ឌលថែទាំមនុស្សចាស់ មណ្ឌលសម្រាលកូន និងមណ្ឌលរៀបចំពិធីបុណ្យសពទាំងអស់ សុទ្ធតែត្រូវបានបំពាក់ដោយហេដ្ឋារចនាសម្ព័ន្ធថាមពលកកើតឡើងវិញ។
កាលពីខែមករា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីដាក់ទណ្ឌកម្ម និងពន្ធគយលើបណ្តាប្រទេស ឬអង្គភាពនានាដែលផ្គត់ផ្គង់ប្រេងឥន្ធនៈដល់ប្រទេសគុយបា។ វិធានការនេះត្រូវបានទីក្រុងឡាហាវ៉ាណា ថ្កោលទោសថាជា «ការរារាំងផ្នែកថាមពល»៕
