ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំកំពូល​សហភាពអឺរ៉ុប ដែលផ្តោតលើការប្រកួតប្រជែង និងតម្លៃថាមពល បញ្ចប់ដោយគ្មានផ្លែផ្កា​ ហេីយសន្និសីទសារព័ត៌មានរួម​ ត្រូវបានលុបចោល

ព្រុចសែល៖ មេដឹកនាំសហភាពអឺរ៉ុប បានជួបជុំគ្នានៅទីក្រុងព្រុចសែល​ កាលពីថ្ងៃព្រហស្បតិ៍ ក្នុងកិច្ចប្រជុំកំពូល រយៈពេលពីរថ្ងៃ ដែលផ្តោតលើភាពអាចប្រកួតប្រជែង ផ្នែកសេដ្ឋកិច្ច តម្លៃថាមពលខ្ពស់ និងថវិការយៈពេលវែង បន្ទាប់របស់សហភាពអឺរ៉ុប។ ថ្ងៃដំបូងនៃកិច្ចប្រជុំបាន បញ្ចប់ទៅដោយមានភាពខុសគ្នានៃទស្សនៈ ហើយសន្និសីទសារព័ត៌មាន​ ដែលបានគ្រោងទុកក៏ត្រូវបានលុបចោលផងដែរ។

យោងតាមរបៀបវារៈរបស់ក្រុមប្រឹក្សាអឺរ៉ុប បញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចគឺជាប្រធានបទសំខាន់បំផុត។ មេដឹកនាំសហភាពអឺរ៉ុប ត្រូវ​បានរំពឹងថា​ នឹងផ្តល់ការណែនាំដល់គណៈកម្មការអឺរ៉ុប អំពីវិធានការរយៈពេលខ្លី ដែលមានគោលដៅច្បាស់លាស់ ដើម្បីកាត់បន្ថយផលប៉ះពាល់ នៃតម្លៃថាមពលខ្ពស់មកលើអាជីវកម្ម និងគ្រួសារនានា។

បណ្ដាមេដឹកនាំអឺរ៉ុប​ ក៏នឹងពិភាក្សា អំពីកិច្ចខិតខំប្រឹងប្រែងរយៈពេលវែង ដើម្បីកាត់បន្ថយការពឹងផ្អែក របស់អឺរ៉ុបលើឥន្ធនៈហ្វូស៊ីលផងដែរ។​ ការកើនឡើងយ៉ាងគំហុកនៃតម្លៃថាមពលនាពេលថ្មីៗនេះ បានបង្កើនក្តីបារម្ភអំពីភាពអាចប្រកួតប្រជែងរបស់សហភាពអឺរ៉ុប។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ថ្មីៗនេះបានថ្លែងប្រាប់សភាអឺរ៉ុបថា តម្លៃឧស្ម័នធម្មជាតិនៅអឺរ៉ុបបានកើនឡើង ១៤០ ភាគរយចាប់តាំងពីចុងខែកុម្ភៈមក ខណៈដែលតម្លៃប្រេងម៉ាស៊ូតបានកើនឡើងទ្វេដង។ ស្ថានភាពនេះបានបន្ថែមបន្ទុកចំណាយប្រហែល ១០០ ពាន់លានអឺរ៉ូ (ប្រហែល ១១២,១ ពាន់លានដុល្លារអាមេរិក) ទៅលើវិក្កយបត្រនាំចូលឥន្ធនៈហ្វូស៊ីលរបស់សហភាពអឺរ៉ុប។

ដោយសាររដូវរងាកំពុងខិតជិតមកដល់ តម្លៃថាមពលខ្ពស់អាចនឹងបង្កើនសម្ពាធបន្ថែមទៀតលើឧស្សាហកម្ម និងគ្រួសារនានានៅអឺរ៉ុប។

ថវិការយៈពេលវែងបន្ទាប់របស់សហភាពអឺរ៉ុប គឺជាប្រធានបទសំខាន់មួយទៀតនៅក្នុងរបៀបវារៈ។ មេដឹកនាំនានានឹងបន្តពិភាក្សាអំពី ក្របខ័ណ្ឌហិរញ្ញវត្ថុពហុឆ្នាំ សម្រាប់ឆ្នាំ ២០២៨-២០៣៤ ដោយព្យាយាមបង្រួបបង្រួមចំណុចសំខាន់ៗដែលចាំបាច់ ដើម្បីឈានដល់កិច្ចព្រមព្រៀងចុងក្រោយនៅចុងឆ្នាំ ២០២៦៕

To Top