ព័ត៌មានអន្តរជាតិ

លោក ម៉ាឌូរ៉ូ និងភរិយា របស់លោក​ បដិសេធមិនទទួលស្គាល់កំហុស​ ចំពោះការចោទប្រកាន់ថ្មីរបស់សហរដ្ឋអាមេរិក

ញូវយ៉ក ៖​ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស​ ម៉ាឌូរ៉ូ​ និងភរិយារបស់លោក បានប្រកាសថា អ្នកទាំងពីរមិនមានកំហុសនោះទេ ចំពោះការចោទប្រកាន់ថ្មីរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងអំពើទារុណកម្ម។

ប្តីប្រពន្ធទាំងពីររូបនេះ ត្រូវបាននាំខ្លួនទៅកាន់តុលាការ សហព័ន្ធមួយក្នុងតំបន់ Manhattan ដើម្បីប្រឈមមុខនឹងការចោទប្រកាន់​ ដែលត្រូវបានកែសម្រួលថ្មី។

ការចោទប្រកាន់នេះបានចោទអ្នកទាំងពីរថា បានត្រួតត្រា ប្រព័ន្ធដ៏ឃោរឃៅមួយ ដែលបានប្រព្រឹត្តអំពើទារុណកម្ម លើជនរងគ្រោះ រួមទាំងពលរដ្ឋអាមេរិក​ ដែលកំពុងជាប់ឃុំនៅក្នុងប្រទេសវេណេស៊ុយអេឡា។

នៅក្នុងតុលាការ លោក ម៉ាឌូរ៉ូ បានថ្កោលទោសការចោទប្រកាន់ថ្មីៗនេះថាជា «ការចោទប្រកាន់មិនពិត និងជាសក្ខីកម្មក្លែងក្លាយ​ ខណៈដែលភរិយារបស់លោក​ ម៉ាឌូរ៉ូ បានប្រាប់ចៅក្រមថា អ្នកស្រីគ្មានកំហុសទាំងស្រុង​ និងមិនបានប្រព្រឹត្តបទល្មើសឡើយ»។

កាលពីមុន ប្តីប្រពន្ធទាំងពីររូបនេះ ធ្លាប់ត្រូវបានចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន និងបទល្មើសពាក់ព័ន្ធនឹងអាវុធ ដែលពួកគេក៏បានបដិសេធមិនទទួលស្គាល់កំហុសផងដែរ។

ដោយសារតែមានការចោទប្រកាន់ថ្មីនេះ ចៅក្រមបានសម្រេចពន្យារពេលចាប់ផ្តើមសវនាការចំនួន ២ សប្តាហ៍ ទៅដល់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៧។

មេធាវីរបស់លោក ម៉ាឌូរ៉ូ បានព្យាយាមស្នើសុំឱ្យតុលាការទម្លាក់សំណុំរឿងនេះចោល ដោយលើកហេតុផលថា នៅពេលដែលលោកត្រូវបានចាប់ខ្លួន លោកគឺជាប្រធានាធិបតីកំពុងកាន់តំណែងរបស់ប្រទេសវេណេស៊ុយអេឡា ដូច្នេះលោកមានសិទ្ធិទទួលបានអភ័យឯកសិទ្ធិពីយុត្តាធិការព្រហ្មទណ្ឌរបស់បរទេស៕

To Top