យន្តហោះទម្លាក់គ្រាប់បែក Su-34M របស់រុស្ស៊ី ៦ គ្រឿង នៅមូលដ្ឋានទ័ពអាកាស Borisoglebsk ត្រូវបានអ៊ុយក្រែន វាយប្រហារបំផ្លាញចោល
គៀវ៖ កងកម្លាំងអ៊ុយក្រែនបាន វាយប្រហារយន្តហោះទម្លាក់គ្រាប់បែកប្រភេទ Su-34M ចំនួន ៦ គ្រឿង នៅឯមូលដ្ឋានទ័ពអាកាស Borisoglebsk ក្នុងតំបន់ Voronezh ភាគនិរតីនៃប្រទេសរុស្ស៊ី កាលពីយប់ថ្ងៃព្រហស្បតិ៍ នេះបើតាមរបាយការណ៍ពីកងទ័ពជើងទឹកអ៊ុយក្រែន។
យន្តហោះទាំងនោះត្រូវបានវាយប្រហារ ដោយប្រើប្រព័ន្ធមីស៊ីលការពារឆ្នេរសមុទ្រប្រភេទ Neptune។ ការវាយប្រហារនេះក៏បានកំណត់គោលដៅ លើឧបករណ៍បច្ចេកទេស ដែលគាំទ្រដល់ប្រតិបត្តិការអាកាសចរណ៍ផងដែរ។ របាយការណ៍បានបញ្ជាក់ថា មានការផ្ទុះបន្តបន្ទាប់ និងអគ្គិភ័យបានកើតឡើងនៅឯមូលដ្ឋានទ័ពអាកាសនោះ។
កងទ័ពជើងទឹកអ៊ុយក្រែនរំពឹងថា ប្រតិបត្តិការនេះនឹងធ្វើឱ្យសមត្ថភាពអាកាសចរណ៍របស់រុស្ស៊ីចុះខ្សោយ និងកាត់បន្ថយភាពខ្លាំងក្លានៃប្រតិបត្តិការអាកាសចរណ៍យុទ្ធវិធីរបស់រុស្ស៊ី។
ក្រសួងការពារជាតិរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងការពារដែនអាកាសរុស្ស៊ី បានស្ទាក់ចាប់ និងបំផ្លាញយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែនចំនួន ១៦៦ គ្រឿង នៅលើដែនដីនៃតំបន់ Belgorod, Bryansk, Kursk និងតំបន់ផ្សេងទៀត។
ក្រសួងដដែលនេះបានបន្ថែមថា កងទ័ពរុស្ស៊ីក៏បានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ នៅឯកំពង់ផែ Izmail ក្នុងតំបន់ Odessa ដែលត្រូវបានប្រើប្រាស់ដោយកងកម្លាំង ប្រដាប់អាវុធអ៊ុយក្រែនផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
