ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី ៖ បទពិសោធថ្មី របស់កម្ពុជាផ្ទាល់ ពង្រឹងការជឿជាក់ថា សន្តិភាពមិនមែនមកដោយឯកឯង

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា បទពិសោធថ្មីៗនេះ ដែលកម្ពុជា បានជួប ប្រទះនូវជម្លោះព្រំដែនកម្ពុជា-ថៃ បានពង្រឹងការជឿជាក់ថា សន្តិភាពមិនមែនជាអ្វី ដែលបានមកដោយឯកឯងនោះទេ ។

ក្នុងកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅអាស៊ែបៃហ្សង់ សម្តេចធិបតី មានប្រសាសន៍ថា ការជួបជុំគ្នានេះ ចំពេលនៃការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ផ្នែកភូមិសាស្រ្តនយោបាយ និងភូមិសាស្រ្តសេដ្ឋកិច្ច , ការប្រកួតប្រជែងជាយុទ្ធសាស្ត្រដ៏ខ្លាំងក្លា , ជម្លោះអូសបន្លាយ , ការបែកបាក់ផ្នែកសេដ្ឋកិច្ច , ការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល , ឧក្រិដ្ឋកម្មឆ្លងដែន និងបញ្ហាប្រឈមផ្នែកសន្តិសុខថ្មីៗ កំពុងធ្វើឱ្យចុះខ្សោយនូវទំនុកចិត្តអន្តរជាតិ និងកំពុងសាកល្បងភាពធន់នៃពហុភាគីនិយម ។

សម្តេចធិបតីបន្តថា ក្នុងបរិបទនេះ គោលការណ៍នានា ដែលបានបញ្ជាក់ឡើងវិញនៅក្នុងសេចក្តីថ្លែងការណ៍ទីក្រុងបាគូ រួមមាន ៖ ការគោរពធម្មនុញ្ញអង្គការសហប្រជាតិ , ច្បាប់អន្តរជាតិ សមភាពពអធិបតេយ្យភាព , បូរណភាពទឹកដី និងការដោះស្រាយជម្លោះដោយសន្តិវិធី មិនមែនគ្រាន់តែជាបំណងប្រាថ្នានោះទេ ប៉ុន្តែគឺជាគ្រឹះ ដែលមិនអាចខ្វះបានសម្រាប់សន្តិភាព និងស្ថិរភាព ។

នាយករដ្ឋមន្រ្តីកម្ពុជា ជឿជាក់យ៉ាងមុតមាំថា គោលការណ៍ទាំងនេះ ត្រូវតែប្រកាន់យ៉ាងខ្ជាប់ខ្ជួន និងប្រកបដោយសមភាពសម្រាប់រដ្ឋទាំងអស់ ។
សម្តេចធិបតីបញ្ជាក់ថា បទពិសោធនាពេលថ្មីៗនេះរបស់ប្រទេសកម្ពុជាផ្ទាល់បានពង្រឹងការជឿជាក់របស់យើងថា សន្តិភាពមិនមែនជាអ្វី ដែលបានមកដោយឯកឯងនោះទេ ហើយជម្លោះរវាងរដ្ឋនានា ត្រូវតែដោះស្រាយ តាមរយៈមធ្យោបាយសន្តិវិធី ការសន្ទនា និងច្បាប់អន្តរជាតិ ។ ព្រំដែននិងអធិបតេយ្យភាព មិនត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំង ឬការបង្កើតអង្គហេតុលើទីតាំងជាក់ស្តែងឡើយ៕

To Top