ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន AstraZeneca ចុះកិច្ចព្រមព្រៀងជាង ១ពាន់លានដុល្លារជាមួយក្រុមហ៊ុន AI អាមេរិក ដើម្បីអភិវឌ្ឍឱសថព្យាបាលជំងឺថ្លើម និងបេះដូង

​ឡុងដ៍៖ ក្រុមហ៊ុនផលិតឱសថ របស់អង់គ្លេស AstraZeneca បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានចាប់ដៃគូជាមួយក្រុមហ៊ុន បច្ចេកវិទ្យាជីវសាស្ត្របញ្ញាសិប្បនិម្មិត (AI) ឈ្មោះ insitro ដើម្បីស្វែងរក និងអភិវឌ្ឍការព្យាបាលថ្មីៗ សម្រាប់ជំងឺថ្លើម និងបេះដូង ដែលតែងតែជួបការលំបាកក្នុងការចុះព្យាបាល នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី១៦ខែតុលា ឆ្នាំ២០២៦ ។

​ក្រោមកិច្ចព្រមព្រៀងនេះ AstraZeneca នឹងបង់ប្រាក់ ៤០លានដុល្លារជាមុន (Upfront payment) ខណៈក្រុមហ៊ុន insitro ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា អាចទទួលបានប្រាក់បន្ថែមរហូតដល់ប្រមាណ ១,៤៦ពាន់លានដុល្លារ អាស្រ័យលើភាពជោគជ័យនៃការអភិវឌ្ឍ និងការសម្រេចបានគោលដៅពាណិជ្ជកម្ម ព្រមទាំងទទួលបានចំណែកភាគរយ (Royalties) ពីការលក់នាពេលអនាគតផងដែរ។

​កិច្ចសហការរយៈពេលច្រើនឆ្នាំនេះ នឹងផ្តោតសំខាន់លើជំងឺរលាកថ្លើមធ្ងន់ធ្ងរប្រភេទ MASH (Metabolic dysfunction-associated steatohepatitis) និងជំងឺសាច់ដុំបេះដូង (Cardiomyopathies)។ ក្រុមហ៊ុនបានបញ្ជាក់ថា កន្លងមកជំងឺទាំងពីរនេះខ្វះខាតការព្យាបាលប្រកបដោយប្រសិទ្ធភាព ដោយសារតែអ្នកស្រាវជ្រាវជួបការលំបាកយ៉ាងខ្លាំងក្នុងការស្វែងរកមូលហេតុជីវសាស្ត្រដើមចម ដែលបង្កឱ្យមានជំងឺទាំងនេះ។

​ក្រុមហ៊ុន insitro នឹងប្រើប្រាស់ប្រព័ន្ធ AI របស់ខ្លួនហៅថា “Virtual Human” ដែលជាការរួមបញ្ចូលគ្នានូវម៉ូដែលកោសិកាបណ្តុះក្នុងមន្ទីរពិសោធន៍ និងបច្ចេកវិទ្យា Machine Learning ដើម្បីកំណត់អត្តសញ្ញាណជីវសាស្ត្របង្កជំងឺ និងជំរុញគោលដៅដែល AstraZeneca បានជ្រើសរើស ពីដំណាក់កាលស្រាវជ្រាវទៅកាន់ដំណាក់កាលត្រៀមអភិវឌ្ឍជាឱសថ។ បន្ទាប់មក AstraZeneca នឹងទទួលបន្ទុកគ្រប់គ្រង និងផ្តល់មូលនិធិសម្រាប់ការធ្វើតេស្តសាកល្បងគ្លីនិក (Clinical trials) នាពេលអនាគត។

​កិច្ចព្រមព្រៀងនេះ កើតឡើងស្របពេលដែលក្រុមហ៊ុន insitro កំពុងពង្រីកខ្លួនយ៉ាងសកម្មក្នុងឧស្សាហកម្មឱសថ។ ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រមួយនេះ បានពង្រីកភាពជាដៃគូជាមួយក្រុមហ៊ុន Bristol Myers Squibb ដើម្បីជំរុញការស្រាវជ្រាវលើជំងឺស្វិតសាច់ដុំ (ALS) និងបានសហការជាមួយក្រុមហ៊ុន Eli Lilly ដើម្បីបង្កើតម៉ូដែល AI ដែលអាចព្យាករណ៍ពីលក្ខណៈឱសថសាស្ត្រនៃម៉ូលេគុលតូចៗនៅក្នុងសារពាង្គកាយមានជីវិត។

​លោកស្រី Sharon Barr អនុប្រធានប្រតិបត្តិផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ឱសថជីវសាស្រ្តរបស់ AstraZeneca បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា៖ “ការជ្រើសរើសគោលដៅថ្មីៗដើម្បីដាក់បញ្ចូលក្នុងបណ្តាញស្រាវជ្រាវរបស់យើង គឺជារឿងដ៏លំបាកបំផុតមួយ។”
​
លោកស្រីបានពន្យល់បន្ថែមថា៖ “នៅពេលដែលយើងអានឃើញអំពីវិធីសាស្ត្រ ឬគោលដៅថ្មីណាមួយ (នៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រធំៗ) វាមិនមែនជារឿងថ្មីទៀតទេ។ វាបានក្លាយជាព័ត៌មានសាធារណៈទៅហើយ ហើយយើងក៏យឺតពេលមួយជំហានបាត់ទៅហើយដែរ។ ប៉ុន្តែនៅពេលដែលយើងអាចរកឃើញទំនាក់ទំនងដ៏ពិសេសទាំងនេះតាំងពីដំណាក់កាលដំបូង ហើយធ្វើតេស្តវានៅក្នុងប្រព័ន្ធកោសិកាដោយខ្លួនឯង នោះយើងនឹងដើរមុនគេជានិច្ច។”

​លោកស្រី Barr បានគូសបញ្ជាក់ថា ការផ្គូផ្គងឧបករណ៍ AI ជាមួយនឹងអ្នកវិទ្យាសាស្ត្រមានបទពិសោធន៍ គឺអនុញ្ញាតឱ្យក្រុមហ៊ុនអាចកាត់បន្ថយការធ្វើតេស្តម៉ូលេគុលច្រើនហួសហេតុក្នុងមន្ទីរពិសោធន៍ កាត់បន្ថយការស្មាន និងជួយពន្លឿនការស្វែងរកថ្នាំដែលមានប្រសិទ្ធភាពបានយ៉ាងឆាប់រហ័ស។

ប្រែសម្រួល៖ គីរី

To Top