ព័ត៌មានអន្តរជាតិ

ឯកអគ្គរដ្ឋទូតចិន អះអាងថា ទីក្រុងប៉េកាំងអាច «ឈ្នះយ៉ាងងាយ» ក្នុងជម្លោះជាមួយហ្វីលីពីន

​ម៉ានីល ៖ ឯកអគ្គរដ្ឋទូតចិន ប្រចាំទីក្រុងម៉ានីល បានលើកឡើងថា ទីក្រុងប៉េកាំងអាច «ឈ្នះយ៉ាងងាយ» ប្រសិនបើមានជម្លោះប្រដាប់អាវុធ ជាមួយហ្វីលីពីន ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ចិននឹងមិនជ្រើសរើសការប្រើប្រាស់កម្លាំងនោះទេ។ យ៉ាងណាមិញ ហ្វីលីពីនបានចាត់ទុកការលើកឡើងនេះថា ជា «ការគំរាមកំហែងដែលត្រូវបានលាក់បាំងយ៉ាងស្តើង» នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNAថ្ងៃទី១៦ខែតុលា ឆ្នាំ២០២៦ ។

​គួររំលឹកថា ទីក្រុងប៉េកាំងបានទាមទារកម្មសិទ្ធិស្ទើរតែទាំងស្រុងលើតំបន់សមុទ្រចិនខាងត្បូង ទោះបីជាមានសេចក្តីសម្រេចពីតុលាការអន្តរជាតិដែលបញ្ជាក់ថា ការទាមទារនោះមិនមានមូលដ្ឋានច្បាប់ក៏ដោយ។ នាប៉ុន្មានឆ្នាំចុងក្រោយនេះ នាវារបស់ហ្វីលីពីន និងចិន តែងតែមានការប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់ ដែលពេលខ្លះឈានដល់ការបុកទង្គិចគ្នា និងបណ្តាលឱ្យមានអ្នករងរបួសថែមទៀតផង។

​ការអត្ថាធិប្បាយរបស់ឯកអគ្គរដ្ឋទូតចិន លោក ជិង ឈ័ន (Jing Quan) កើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro បានចាត់ទុកទីក្រុងប៉េកាំងថាជា «អ្នកបង្កបញ្ហា» (Troublemaker) នៅក្នុងតំបន់។

​ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកនៅទីក្រុងម៉ានីល កាលពីថ្ងៃព្រហស្បតិ៍ (១៥ តុលា) លោក ជិង ឈ័ន បានលើកឡើងថា៖ «អ្នកគួរតែមានអារម្មណ៍ថាសំណាងហើយ ដែលអ្នកមានអ្នកជិតខាងដូចជាប្រទេសចិននៅក្នុងតំបន់នេះ។ ប្រសិនបើយើងចង់ប្រើកម្លាំង យើងប្រហែលជាអាចឈ្នះយ៉ាងងាយស្រួល។ ប៉ុន្តែទេ យើងនឹងមិនជ្រើសរើសការប្រើប្រាស់កម្លាំងឡើយ ព្រោះយើងស្រឡាញ់សន្តិភាព»។

​លោក ជិង ក៏បានច្រានចោលការចោទប្រកាន់ដែលថាចិនជា «អ្នកបង្កបញ្ហា» ថាជារឿង «មិនសមហេតុផល» ហើយថែមទាំងបានចោទប្រកាន់ទីក្រុងម៉ានីលវិញថា បានយាយីកម្មករ និងគ្រូបង្រៀនជនជាតិចិន ដោយមិនបានផ្តល់ឧទាហរណ៍ជាក់លាក់ណាមួយឡើយ។

​ជាការឆ្លើយតប កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសហ្វីលីពីន បានចេញសេចក្តីថ្លែងការណ៍សម្តែងការសោកស្តាយចំពោះសម្តីនេះ ដោយចាត់ទុកថាវា «មិនបានជួយអ្វីឡើយ» ក្នុងបរិបទដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងស្មុគស្មាញ។ សេចក្តីថ្លែងការណ៍នោះបានសរសេរថា៖ «វាជារឿងគួរឱ្យសោកស្តាយ ដែលឯកអគ្គរដ្ឋទូតចិនលោក ជិង ឈ័ន បានជ្រើសរើសពាក្យពេចន៍មិនសមរម្យនៅថ្ងៃនេះ ដែលហាក់ដូចជាកំពុងបង្ហាញពីការគំរាមកំហែងលាក់មុខ ស្តីពីការប្រើប្រាស់កម្លាំង»។

​ទន្ទឹមនឹងនេះ អ្នកនាំពាក្យឆ្មាំសមុទ្រហ្វីលីពីន លោកឧត្តមនាវីទោ Jay Tarriela ក៏បានប្រតិកម្មយ៉ាងខ្លាំងផងដែរ ដោយចាត់ទុកសម្តីរបស់លោក ជិង ថាជា «ការគំរាមកំហែងដោយផ្ទាល់»។ លោកបានបង្ហោះសារនៅលើបណ្តាញសង្គម X ថា៖ «គ្មានប្រជាជនណាមានអារម្មណ៍ថាសំណាងទេ នៅពេលដែលប្រទេសជិតខាងដ៏ធំមួយតែងតែរំលោភច្បាប់ម្តងហើយម្តងទៀត រួចមកប្រាប់ពួកគេឱ្យចេះដឹងគុណ ដែលស្ថានភាពមិនអាក្រក់ជាងនេះ»។ លោកបានបន្ថែមថា ការមិនប្រើប្រាស់កម្លាំងប្រឆាំងនឹងប្រទេសដែលខ្លួនកំពុងរំលោភសិទ្ធិ មិនមែនជាសន្តិភាពនោះទេ ប៉ុន្តែវាគឺជាការបង្ខិតបង្ខំតាមមធ្យោបាយផ្សេង។

​យ៉ាងណាមិញ ស្ថានទូតចិនប្រចាំទីក្រុងម៉ានីល បានចេញមុខការពារសម្តីរបស់លោក ជិង ដោយចោទប្រកាន់លោក Tarriela ថាបានបំប៉ោងសាច់រឿងខុសពីបរិបទដើម និងព្យាយាមបំផ្លាញទំនាក់ទំនងទ្វេភាគី។ ស្ថានទូតបានបញ្ជាក់ថា លោក ជិង គ្រាន់តែចង់សង្កត់ធ្ងន់ថា ចិនចាត់ទុកហ្វីលីពីនជាប្រទេសជិតខាងឆ្លងសមុទ្រ និងជាមិត្តដែលផ្សារភ្ជាប់ដោយប្រវត្តិសាស្ត្រ និងវប្បធម៌ស៊ីជម្រៅ ដោយប្រទេសចិនចង់បានត្រឹមតែ «ទំនាក់ទំនងប្រកបដោយស្ថិរភាព» ប៉ុណ្ណោះ។

​គួរបញ្ជាក់ថា ភាពតានតឹងនេះកើតឡើងបន្ទាប់ពីហេតុការណ៍កាលពីសប្តាហ៍មុន ដែលឆ្មាំសមុទ្រហ្វីលីពីនបានចោទប្រកាន់សមភាគីចិន ថាបានរារាំងការជម្លៀសទាហានហ្វីលីពីនម្នាក់ដែលកំពុងឈឺ នៅក្បែរតំបន់ថ្មប៉ប្រះទឹកដែលមានជម្លោះ។
ចំណែកកាលពីថ្ងៃពុធ លោក Teodoro រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន ក៏បានទាត់ចោលការលើកឡើងរបស់អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte ដែលថាហ្វីលីពីនជាអ្នកបង្កបញ្ហា ដោយលោកបានបញ្ជាក់យ៉ាងច្បាស់ថា៖ «ចិនទើបជាអ្នកបង្កបញ្ហា ព្រោះសូម្បីតែនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង ក៏ពួកគេកំពុងតែជ្រៀតជ្រែក និងថែមទាំងបាញ់មីស៊ីលទៀតផង» (ដោយយោងទៅលើការសាកល្បងមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយរបស់ចិនកាលពីខែមិថុនា ដែលបង្កការតវ៉ាក្នុងតំបន់)៕

ប្រែសម្រួល៖ គីរី

To Top