ភាគហ៊ុនឥណ្ឌូនេស៊ី ដាំក្បាលចុះ ១១% ក្រោយស្ថាប័ន MSCI ព្រមានទម្លាក់ចេញពីចំណាត់ថ្នាក់ ទីផ្សារកំពុងអភិវឌ្ឍន៍
ហ្សាកាតា៖ ទីផ្សារភាគហ៊ុនឥណ្ឌូនេស៊ី បានធ្លាក់ចុះយ៉ាងគំហុកជាង ១១ភាគរយ កាលពីថ្ងៃសុក្រ បន្ទាប់ពីស្ថាប័នចងក្រងសន្ទស្សន៍ហ៊ុន MSCI បានប្រកាសថា វាមិនស័ក្តិសមទៀតទេ ក្នុងការរក្សាចំណាត់ថ្នាក់ឥណ្ឌូនេស៊ីជា «ទីផ្សារកំពុងអភិវឌ្ឍន៍» (Emerging Market)។ សេចក្តីប្រកាសនេះ បានបង្កឱ្យមានក្តីព្រួយបារម្ភយ៉ាងខ្លាំង អំពីការហូរចេញនៃទុនវិនិយោគបរទេស នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ។
កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន MSCI ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានលើកឡើងពីក្តីកង្វល់របស់អ្នកវិនិយោគ ពាក់ព័ន្ធនឹង «ភាពមិនច្បាស់លាស់ជាបន្តបន្ទាប់នៃរចនាសម្ព័ន្ធម្ចាស់ភាគហ៊ុន» ក៏ដូចជាសកម្មភាពជួញដូរ ដែលមានការសម្របសម្រួលគ្នាជាប្រព័ន្ធ ដែលធ្វើឱ្យប៉ះពាល់ដល់ព័ត៌មានតម្លៃទីផ្សារ។
អាជ្ញាធរទីក្រុងហ្សាកាតា កាលពីខែមេសាកន្លងទៅ បានអះអាងថា ខ្លួនបានបញ្ចប់ការធ្វើកំណែទម្រង់នានា ដោយសង្ឃឹមថា នឹងអាចជៀសផុត ពីការទម្លាក់ចំណាត់ថ្នាក់នេះ ។ ការទម្លាក់ចំណាត់ថ្នាក់នេះ អាចជះឥទ្ធិពលអវិជ្ជមាន ដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការជំរុញសេដ្ឋកិច្ចដ៏ធំបំផុត នៅអាស៊ីអាគ្នេយ៍មួយនេះ និងជះឥទ្ធិពលយ៉ាងខ្លាំងដល់ការ សម្រេចចិត្តរបស់អ្នកវិនិយោគ។
យ៉ាងណាមិញ នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រ ស្ថាប័ន MSCI បានបញ្ជាក់ថា ក្រុមអ្នកវិនិយោគនៅតែមើលមិនទាន់ឃើញ «វឌ្ឍនភាពគ្រប់គ្រាន់ និងស្របគ្នាណាមួយនៅលើទីផ្សារភាគហ៊ុនឥណ្ឌូនេស៊ី» នៅឡើយទេ។
MSCI បានសង្កត់ធ្ងន់ថា៖ “ទោះបីជាមានការប្រកាសពីការធ្វើកំណែទម្រង់ក៏ដោយ ក៏ក្តីបារម្ភធំៗនៅតែមានជុំវិញដំណើរការមិនប្រក្រតីនៃទីផ្សារ រួមទាំងការសង្ស័យបន្តបន្ទាប់លើសកម្មភាពជួញដូរដោយមានការសម្របសម្រួលគ្នា និងកង្វះភស្តុតាងនៃការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព។”
ហេតុនេះហើយ ទើប MSCI ចាត់ទុកថា ការបន្តរក្សាចំណាត់ថ្នាក់ឥណ្ឌូនេស៊ី ជាទីផ្សារកំពុងអភិវឌ្ឍន៍ គឺលែងស័ក្តិសមទៀតហើយ ហើយស្ថាប័ននេះកំពុងចាប់ផ្តើមការពិគ្រោះយោបល់លើសំណើ ដើម្បីទម្លាក់ចំណាត់ថ្នាក់ឥណ្ឌូនេស៊ីទៅជា «ទីផ្សារឯករាជ្យ» (Standalone Market) វិញ។ ស្ថាប័ននេះបានបន្ថែមថា ការទម្លាក់ត្រឹមចំណាត់ថ្នាក់ទៅជា «ទីផ្សារព្រំដែន» (Frontier Markets) គឺមិនទាន់ឆ្លុះបញ្ចាំងពីជម្រៅនៃបញ្ហាទីផ្សារនេះបានត្រឹមត្រូវនៅឡើយទេ។
ការចាត់ថ្នាក់ជាទីផ្សារឯករាជ្យនេះ អាចបង្ខំឱ្យមូលនិធិវិនិយោគដែលដើរតាមសន្ទស្សន៍ទីផ្សារកំពុងអភិវឌ្ឍន៍របស់ MSCI ត្រូវបង្ខំចិត្តលក់ភាគហ៊ុនរបស់ខ្លួននៅឥណ្ឌូនេស៊ីចោល។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Bloomberg បានឱ្យដឹងថា បច្ចុប្បន្នប្រទេសអាហ្សង់ទីន លីបង់ និងប៉ាឡេស្ទីន ស្ថិតក្នុងចំណាត់ថ្នាក់ទីផ្សារឯករាជ្យនេះ ប៉ុន្តែមិនទាន់មានប្រទេសណាមួយនៅអាស៊ីស្ថិតក្នុងចំណាត់ថ្នាក់នេះនៅឡើយទេ។
ក្រោយដំណឹងនេះ សន្ទស្សន៍រួមទីក្រុងហ្សាកាតា (Jakarta Composite Index) បានដួលរលំ ៨ភាគរយ ភ្លាមៗពេលបើកទីផ្សារ ដែលបង្ខំឱ្យមានការផ្អាកការជួញដូរជាបណ្តោះអាសន្ន។ នៅពេលបើកការជួញដូរឡើងវិញ សន្ទស្សន៍នេះបានបន្តធ្លាក់ចុះដល់ ១១,១ភាគរយ ដែលជាការធ្លាក់ចុះដ៏ធ្ងន់ធ្ងរបំផុតគិតចាប់តាំងពីដើមឆ្នាំ១៩៩៨ និងជាកម្រិតទាបបំផុតគិតចាប់តាំងពីឆ្នាំ២០២០។
គួរដឹងដែរថា ស្ថាប័ន MSCI គឺជាអ្នកបង្កើតសន្ទស្សន៍អន្តរជាតិ ដែលអ្នកវិនិយោគយកជាគោលសម្រាប់ថ្លឹងថ្លែងផលប័ត្រវិនិយោគ (Portfolios) របស់ពួកគេ។ វាមានឥទ្ធិពលយ៉ាងខ្លាំងលើការសម្រេចចិត្តវិនិយោគ តាមរយៈសន្ទស្សន៍ទីផ្សារកំពុងអភិវឌ្ឍន៍ដ៏ធំរបស់ខ្លួន ដែលគ្របដណ្តប់លើក្រុមហ៊ុនចំនួន ១.២០០ ដែលមានមូលធនីយកម្មទីផ្សារ (Market Capitalisation) សរុបជាង ១០ទ្រីលានដុល្លារអាមេរិក។
អ្នកគ្រប់គ្រងមូលនិធិទូទាំងពិភពលោក តែងតែតាមដានយ៉ាងយកចិត្តទុកដាក់ថា តើប្រទេសណាខ្លះត្រូវបានដាក់បញ្ចូល ឬដកចេញពីសន្ទស្សន៍ MSCI ដោយសារតែវាអាចបង្កឱ្យមានការកែប្រែទំហំនៃការវិនិយោគរបស់ពួកគេដោយស្វ័យប្រវត្តិ។
ប្រែសម្រួល៖ គីរី
