តម្លៃប្រេងឡើង ដល់ ១១០ ដុល្លារ ក្នុងមួយបារ៉ែល ជាលើកដំបូងគិតចាប់តាំងពីខែឧសភា ដោយសារក្តីបារម្ភ អំពីការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ា និងរុស្ស៊ី
បរទេស៖ នៅថ្ងៃសុក្រ តម្លៃប្រេងឆៅ Brent បានកើនឡើងដល់ ១១០ ដុល្លារក្នុងមួយបារ៉ែល ជាលើកដំបូងគិត ចាប់តាំងពីខែឧសភាមក ដោយសារក្តីបារម្ភថា ភាពតានតឹងដែលកំពុងកើនឡើង នៅក្នុងតំបន់មជ្ឈិមបូព៌ា អាចធ្វើឱ្យការផ្គត់ផ្គង់កាន់តែមានភាពតឹងតែងថែមទៀត។ ទន្ទឹមនឹងនេះ វិនិយោគិនក៏កំពុងវាយតម្លៃផងដែរថា តើរុស្ស៊ីអាចផ្គត់ផ្គង់ប្រេងម៉ាស៊ូត បានកម្រិតណាដល់ទីផ្សារសកល។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅ Brent បានបិទក្នុងតម្លៃ ១០៩,៨៦ ដុល្លារ (កើនឡើង ៣,៩៤ ដុល្លារ ឬ ៣,៧%) ដែលជាកម្រិតខ្ពស់បំផុតគិតចាប់តាំងពីថ្ងៃទី ១៩ ខែឧសភាមក។ ចំណែកឯតម្លៃប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិកវិញ បានបិទក្នុងតម្លៃ ១០១,៤១ ដុល្លារ (កើនឡើង ៣,៤៤ ដុល្លារ ឬ ៣,៥%) ដែលជាកម្រិតខ្ពស់បំផុតគិតចាប់តាំងពីថ្ងៃទី ១៧ ខែកញ្ញាមក។
គិតមកត្រឹមសប្តាហ៍នេះ តម្លៃប្រេង Brent បានកើនឡើង ៤,៩% ហើយប្រេង WTI បានកើនឡើង ១០,៤%។
ក្រុមហ៊ុនស្រាវជ្រាវ និងផ្តល់ប្រឹក្សា Energy Aspects បានលើកឡើងនៅក្នុងរបាយការណ៍មួយថា៖ «តម្លៃប្រេង WTI និង Brent បានងើបឡើងវិញបន្ទាប់ ពីធ្លាក់ចុះនៅពេលមុននោះ ដោយសារក្តីបារម្ភអំពីការកើនឡើង នៃភាពតានតឹងបានលេចឡើងជាថ្មី ស្របពេលដែលមានពាក្យចចាមអារ៉ាម អំពីការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ ថាមពលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត»។
ប្រែសម្រួល: តុលា
