ក្រុមប្រឹក្សាភិបាល ប.ស.ស.ប្រជុំពិនិត្យលើវឌ្ឍនភាព និងបញ្ហាប្រឈម នៃការផ្តល់សេវា ជូនប្រជាពលរដ្ឋ ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. លើកទី៦ អាណត្តិទី២ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាល ប.ស.ស. ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួងពាក់ព័ន្ធ តំណាង និយោជក និងនិយោជិត ។ អង្គប្រជុំបានពិនិត្យ ពិភាក្សា និងសម្រេចលើរបាយការណ៍ លទ្ធផលការងារ និងស្ថានភាពហិរញ្ញវត្ថុ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របាយការណ៍វឌ្ឍនភាព ស្តីពីគម្រោងថវិកា ប្រចាំឆ្នាំ២០២៧ របស់ ប.ស.ស. ព្រមទាំងដោះស្រាយបញ្ហាប្រឈម ជាមួយនឹងការដាក់ចេញនូវទិសដៅការងារបន្ត។

ទន្ទឹមនឹងការវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់នៃ ប.ស.ស. ដែលបានខិតខំប្រឹងប្រែងបំពេញ តួនាទីប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាន នូវវឌ្ឍនភាពការងារគួរឱ្យកត់សម្គាល់ ជាពិសេសចំនួនសមាជិកបានកើនឡើង និងការប្រើប្រាស់សេវា កើនក្នុងឆមាសទី១ ឆ្នាំនេះ។

លោកបានបញ្ជាក់ពីចក្ខុវិស័យដ៏វែងឆ្ងាយ របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ និងពង្រីកវិសាលភាពរបបសន្តិសុខ សង្គមតាមការវិវត្ត នៃស្ថានភាពសង្គម-សេដ្ឋកិច្ចដោយឈរលើគោលការណ៍សមភាព និងសមធម៌ ដើម្បីធានា ឱ្យបាននូវនិរន្តរភាពស្របតាមគោលការណ៍សកល។ លោកមានប្រសាសន៍ថា ការផ្តល់សេវារបស់ ប.ស.ស. ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន កាន់តែទទួលបានការជឿទុកចិត្តពីសាធារណជន និងចង់ទទួលបានសេវាផងដែរ។

អង្គប្រជុំបានពិភាក្សា ផ្តល់យោបល់ និងបានអនុម័តរបាយការណ៍លទ្ធផលការងារ និងស្ថានភាពហិរញ្ញវត្ថុប្រចាំឆមាសទី១ ឆ្នាំ២០២៦ ព្រមទាំងវឌ្ឍនភាពស្តីពីគម្រោងថវិកាប្រចាំឆ្នាំ២០២៧។ លោករដ្ឋមន្រ្តី វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់ ប.ស.ស. ក្នុងការរៀបចំឯកសារដ៏សំខាន់ទាំងនេះ ស្របតាមនីតិវិធី សម្រេចគោលដៅតាមការរំពឹងទុក។

ទន្ទឹមនេះដើម្បីបង្កើនប្រសិទ្ធភាពការងារ និងកាត់បន្ថយឱនភាពដែលអាចកើតមាន លោកបានផ្តល់អនុសាសន៍ឱ្យ ប.ស.ស. បង្កើនការយកចិត្តទុកដាក់ធ្វើយ៉ាងណាឱ្យលទ្ធផលនៃកិច្ចប្រជុំត្រូវបានប្រែក្លាយជាលិខិតបទដ្ឋានគិតយុត្តឱ្យបានឆាប់ ដើម្បីយកទៅអនុវត្តការងារ ឱ្យកាន់តែរលូន និងពិនិត្យឡើងវិញនូវកញ្ចប់ថវិកា ឆ្នាំ២០២៧ ក្នុងការកាត់បន្ថយចំណាយ ប្រតិបត្តិការទៅតាមលទ្ធភាពជាអតិបរមា ដើម្បីសន្សំថវិកាយកទៅទ្រទ្រង់ផ្នែកថែទាំសុខភាព ឱ្យមាននិរន្តរភាព។ លើសពីនេះ ក៏ត្រូវយកចិត្តទុកដាក់លើផ្នែកបុគ្គលស្វ័យនិយោជន៍ ដោយកំណត់លក្ខខណ្ឌឱ្យបានច្បាស់លាស់ជាងមុន ចៀសវាងបុគ្គលមួយចំនួនឆ្លៀត ឱកាសយកទៅប្រើប្រាស់ ខុសគោលដៅរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ តំណាងនិយោជក និងនិយោជិត បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងក្រសួងការងារ ចំពោះការគ្រប់គ្រង បានយ៉ាងល្អក្នុងដំណើរការផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល ធ្វើដំណើរនិងកាបូប ជាពិសេសក្នុងកាលៈទេសៈ នៃភាពមិនប្រាកដប្រជានៃវិបត្តិសេដ្ឋកិច្ចសកល និងជម្លោះព្រំដែន៕




