លោក វូឡូឌីមៀ ហ្សេឡិនស្គី ស្នើសុំជំនួយបន្ថែមចំនួន ៧០ ពាន់លានអឺរ៉ូពីសហភាពអឺរ៉ុប ព្រមទាំងបង្ហាញការមិនពេញចិត្តចំពោះ សហរដ្ឋអាមេរិក
ព្រុចសែល៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានស្នើសុំជំនួយបន្ថែមយ៉ាងហោចណាស់ ៧០ ពាន់លានអឺរ៉ូ (ស្មើនឹង ៧៨,៨ ពាន់លានដុល្លារអាមេរិក) ពីសហភាពអឺរ៉ុប សម្រាប់ឆ្នាំ ២០២៧។
ក្នុងពេលជាមួយគ្នានេះ លោកក៏បានបង្ហាញការមិនពេញចិត្តចំពោះការដាក់កម្រិតថ្មីៗនេះ លើសេវាកម្ម Starlink ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក ក៏ដូចជាចំពោះទំនាក់ទំនងរបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយទីក្រុងមូស្គូផងដែរ។
ថ្លែងទៅកាន់មេដឹកនាំសហភាពអឺរ៉ុបនៅក្នុងកិច្ចប្រជុំកំពូលមួយនៅទីក្រុងព្រុចសែល លោក ហ្សេឡិនស្គី បានលើកឡើងថា ការចំណាយលើសង្គ្រាមរបស់អ៊ុយក្រែន នឹងកើនឡើងដល់ ១៥៥ ពាន់លានអឺរ៉ូនៅឆ្នាំក្រោយ ហើយលោកបានអំពាវនាវសុំជំនួយហិរញ្ញវត្ថុបន្ថែមសម្រាប់វិស័យការពារជាតិ អាវុធ និងការពង្រឹងភាពធន់។
លោកបានលេីកឡេីងថា «យើងត្រូវការជំនួយបន្ថែមយ៉ាងហោចណាស់ ៧០ ពាន់លានអឺរ៉ូពីលោកអ្នក សម្រាប់វិស័យការពារជាតិ សម្រាប់អាវុធ និងសម្រាប់ភាពធន់របស់យើង។ នេះគឺជាចំនួនទឹកប្រាក់មួយ ដែលអាចសម្រេចបានជាក់ស្តែង។ ខ្ញុំសូមស្នើឱ្យលោកអ្នកស្វែងរកការគាំទ្រនេះ»។
នៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីនោះ លោក ហ្សេឡិនស្គី បានទទួលស្គាល់ថា អ៊ុយក្រែនពឹងផ្អែកយ៉ាងខ្លាំងលើប្រព័ន្ធទំនាក់ទំនងផ្កាយរណប Starlink ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក ដោយលោកបានបញ្ជាក់ថា ការដាក់កម្រិតថ្មីៗនេះបានបង្កការរំខានដល់ប្រតិបត្តិការស្ទាក់ចាប់យន្តហោះដ្រូន និងការដឹកជញ្ជូនផ្គត់ផ្គង់ផ្នែកយោធា។
លោកបានបន្ថែមថា «សេវាកម្ម Starlink មិនត្រូវបានបិទទាំងស្រុងនោះទេ ប៉ុន្តែល្បឿននៃការប្រើប្រាស់ត្រូវបានកាត់បន្ថយ»។ លោកបានពណ៌នាអំពីការដាក់កម្រិតទាំងនេះថាជា «រឿងគួរឱ្យភ្ញាក់ផ្អើលដ៏គ្រោះថ្នាក់ និងមិនគួរឱ្យរីករាយទាល់តែសោះ»៕
ប្រែសម្រួល ឈូក បូរ៉ា
