Feature

កម្ពុជា ប្រកាសប្តេជ្ញាការពារជីវៈចម្រុះ និងជំរុញការអនុវត្តផែនការគូនមីង ក្នុងកិច្ចប្រជុំកំពូលស្តីពីជីវៈចម្រុះសកល នៅអាមេនី

ភ្នំពេញ ៖ ក្នុងពិធីបើកកិច្ចប្រជុំកំពូលស្តីពីជីវៈចម្រុះសកល (Leaders for Nature) នៅប្រទេសអាមេនី នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសពីការប្តេជ្ញាចិត្ត យ៉ាងមុតមាំរបស់កម្ពុជា ក្នុងការរួមចំណែកការពារភពផែនដី តាមរយៈការអនុវត្តក្របខ័ណ្ឌជីវៈចម្រុះសកលគូនមីង-ម៉ុងរេអាល់ (KMGBF) ឱ្យមានប្រសិទ្ធភាពខ្ពស់។

នៅក្នុងសុន្ទរកថាគន្លឹះទៅកាន់កិច្ចប្រជុំកម្រិតខ្ពស់ ដែលមានការចូលរួមពីបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំ មកពីជាង ៥០ ប្រទេស មកពីជុំវិញពិភពលោក រួមទាំងឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ផងដែរ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងលើកឡើងពីសមិទ្ធផល និងទិសដៅយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងនោះការធ្វើបច្ចុប្បន្នភាពផែនការសកម្មភាពដើម្បីជីវៈចម្រុះជាតិ (NBSAP) និងការការផ្សារភ្ជាប់ជីវៈចម្រុះ និងការប្រែប្រួលអាកាសធាតុ (Biodiversity and Climate Effort)។ 

លោកបានមានប្រសាសន៍បន្ថែមថា កម្ពុជាបានដើរតួនាទីឈានមុខក្នុងការរួមបញ្ចូលគ្នារវាងការការពារប្រព័ន្ធអេកូឡូស៊ី និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដោយចាត់ទុកកិច្ចការទាំងពីរនេះ សម្រាប់ចីរភាពបរិស្ថាន។

លោករដ្ឋមន្រ្តី បានថ្លែងបន្ថែមថា តាមរយៈការអនុវត្ត«យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» កម្ពុជាបានជំរុញយ៉ាងខ្លាំងក្លានូវការដាំកូនឈើឡើងវិញ ដើម្បីពង្រីកគម្របព្រៃឈើ បង្កើនការស្រូបកាបូន និងកាត់បន្ថយការភាយឧស្ម័នផ្ទះកញ្ចក់ សំដៅឈានទៅសម្រេចបាននូវអព្យាក្រឹតកាបូន ឆ្នាំ២០៥០។

ជាមួយគ្នានេះ លោកបានលើកឡើងពីជំហររបស់កម្ពុជានៅលើឆាកអន្តរជាតិ ស្តែងឱ្យឃើញពីការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសហការជាមួយ សហគមន៍សកលលោក ដើម្បីស្តារប្រព័ន្ធអេកូឡូស៊ី ធានាការរស់នៅដោយសុខដុមរមនា ជាមួយធម្មជាតិ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់មនុស្សជាតិទាំងមូល។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូល Leaders for Nature គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់បំផុត ក្នុងការបើកផ្លូវឆ្ពោះទៅកាន់សន្និសីទសហប្រជាជាតិស្តីពីជីវៈចម្រុះ (COP17) ដើម្បីរួមគ្នាពិភាក្សានិងវាយតម្លៃ លើវឌ្ឍនភាពការងារអភិរក្សជីវៈចម្រុះសកល៕

To Top