Feature

ប្រធានាធិបតីអ៊ីរ៉ង់បញ្ជាក់ថា ទីក្រុងតេអេរ៉ង់​ មិនមានបំណងផលិតអាវុធនុយក្លេអ៊ែរនោះទេ ដោយច្រានចោលការឃោសនាដែលអះអាងផ្ទុយពីនេះ

តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានបញ្ជាក់ជាថ្មីកាលពីថ្ងៃសុក្រថា ប្រទេសរបស់លោកមិនមានបំណងអភិវឌ្ឍអាវុធនុយក្លេអ៊ែរនោះទេ ដោយលោកបានច្រានចោលការឃោសនាប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ដែលអះអាងផ្ទុយពីនេះថាជា «ការកុហក»។

យោងតាមសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រការិយាល័យរបស់លោក លោក Pezeshkian បានលើកឡើងបែបនេះក្នុងអំឡុងពេលជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីហ្សកហ្ស៊ី លោក Irakli Kobakhidze នៅក្រៅកិច្ចប្រជុំលើកទី ១៧ នៃភាគីប្រទេសហត្ថលេខី (COP17) នៃអនុសញ្ញា​ ស្តីពីភាពចម្រុះនៃជីវសាស្ត្រ ដែលប្រារព្ធឡើងនៅទីក្រុង Yerevan រដ្ឋធានីនៃប្រទេសអាមេនី។

លោកបានលេីកឡេីងថា «អ៊ីរ៉ង់មិនមានបំណងអភិវឌ្ឍអាវុធនុយក្លេអ៊ែរនោះទេ ហើយយើងចាត់ទុកការឃោសនាបំផ្លិចបំផ្លាញប្រឆាំងនឹងប្រទេសរបស់យើងថាជាការកុហក»។ លោកក៏បានលើកឡើងពីជំហរច្បាស់លាស់របស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ដែលបានហាមឃាត់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។

លោក Pezeshkian បានកត់សម្គាល់ថា “អ៊ីរ៉ង់​ តែងតែត្រៀមខ្លួនជានិច្ចសម្រាប់ការសន្ទនា ដោយលោកបានបន្ថែមថា សហរដ្ឋអាមេរិក​ គិតថាពួកគេអាចបង្ខំឱ្យយើងចុះចាញ់ ប៉ុន្តែយើងនឹងមិនយល់ព្រមតាមការបង្ខិតបង្ខំនោះទេ”។ 

លោកបានសង្កត់ធ្ងន់ថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ គឺមិនស្របតាមក្របខ័ណ្ឌមនុស្សធម៌ឡើយ ហើយលោកបានពណ៌នាការវាយប្រហារថ្មីៗនេះរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល មកលើអ៊ីរ៉ង់ថាជាសកម្មភាព «មិនអាចទទួលយកបាន និងគ្មានមនុស្សធម៌»៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top