Feature

លោកអភិបាលស្រុកស្ទោង ដឹកនាំក្រុមការងារចុះពិនិត្យការិយាល័យចុះឈ្មោះបោះឆ្នោត និងសួរសុខទុក្ខកម្មករ កម្មការិនីចំការកៅស៊ូ C.R.C.K

កំពង់ធំ៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញចុះត្រួតពិនិត្យការិយាល័យចុះឈ្មោះបោះឆ្នោត អាណត្តិទី៦ ឆ្នាំ២០២៧ និងសួរសុខទុក្ខបងប្អូនកម្មករ កម្មការិនីចំការកៅស៊ូ C.R.C.K ស្ថិតនៅឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការចុះឈ្មោះបោះឆ្នោត។

ក្នុងឱកាសនេះ លោកអភិបាលស្រុកបានពិនិត្យមើលសកម្មភាព និងដំណើរការនៅការិយាល័យចុះឈ្មោះបោះឆ្នោត ព្រមទាំងយកចិត្តទុកដាក់លើការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងលក្ខខណ្ឌ និងនីតិវិធីនៃការចុះឈ្មោះ ដើម្បីឱ្យប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្បាស់ និងអាចអនុវត្តតាមនីតិវិធីបានត្រឹមត្រូវ។

ជាមួយគ្នានេះ លោកអភិបាលស្រុក និងសហការី ក៏បានជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនកម្មករ កម្មការិនីដែលកំពុងបំពេញការងារនៅចំការកៅស៊ូ CRCK ដោយបានបង្ហាញការយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ពួកគាត់ ព្រមទាំងលើកទឹកចិត្តឱ្យបន្តបំពេញការងារដោយការទទួលខុសត្រូវ ។

ជាមួយគ្នានេះ ក៏មានការជំរុញឱ្យកម្មករ កម្មការិនីដែលមានអាយុ និងគ្រប់លក្ខខណ្ឌតាមច្បាប់កំណត់ អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដោយត្រូវពិនិត្យឯកសារចាំបាច់ និងអនុវត្តតាមនីតិវិធីរបស់មន្ត្រីមានសមត្ថកិច្ច ដើម្បីធានាថាការចុះឈ្មោះប្រព្រឹត្តទៅបានត្រឹមត្រូវ និងស្របតាមបទប្បញ្ញត្តិជាធរមាន។

សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលស្រុកស្ទោង ក្នុងការចុះជួបប្រជាពលរដ្ឋនៅមូលដ្ឋាន និងជំរុញការផ្សព្វផ្សាយការយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ពលរដ្ឋ។ ការចុះឈ្មោះបោះឆ្នោតរបស់អ្នកដែលគ្រប់លក្ខខណ្ឌ គឺជាជំហានសំខាន់ក្នុងការត្រៀមខ្លួនប្រើប្រាស់សិទ្ធិបោះឆ្នោត ស្របតាមច្បាប់កំណត់ និងចូលរួមក្នុងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា៕

ដោយ៖ សំនៀង

To Top