Feature

ជប៉ុន្តរៀបចំវិធានការការពារតឹងរ៉ឹងជាងមុន ក្រោយកងទ័ពជើងទឹកចិនបង្កើនសកម្មភាពក្នុងតំបន់ប៉ាស៊ីហ្វិក

តូក្យូ៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក ស៊ីនជីរ៉ូ កូអ៊ីហ្ស៊ូមី បានថ្លែងថា ការពង្រឹងឥរិយាបថការពារជាតិរបស់ប្រទេសនៅក្នុងតំបន់ប៉ាស៊ីហ្វិក គឺជាកិច្ចការបន្ទាន់មួយ រួមទាំងការប្រមូលព័ត៌មាន និងការល្បាតផងដែរ បន្ទាប់ពីមានសកម្មភាពប៊ើកបរនាវាផ្ទុកយន្តហោះ «លាវនីង» (Liaoning) របស់ប្រទេសចិនថ្មីៗនេះ នៅដែនទឹកជុំវិញខេត្តអូគីណាវ៉ា (Okinawa) នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន Kyodo ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។

លោក កូអ៊ីហ្ស៊ូមី បានគូសបញ្ជាក់ថា ចលនារបស់នាវាផ្ទុកយន្តហោះនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន «ដើម្បីបង្កើនសមត្ថភាពប្រតិបត្តិការនៃនាវាផ្ទុកយន្តហោះ និងលើកកម្ពស់សមត្ថភាពក្នុងការធ្វើប្រតិបត្តិការនៅក្នុងតំបន់សមុទ្រ និងដែនអាកាសឆ្ងាយៗ» ស្របពេលដែលប្រទេសចិន «កំពុងពង្រីកសកម្មភាពយោធាកាន់តែខ្លាំងឡើងនៅជុំវិញប្រទេសជប៉ុន»។

ក្រសួងការពារជាតិជប៉ុនបានឱ្យដឹងថា នាវា លាវនីង ដែលអមដំណើរដោយនាវាពិឃាតមួយចំនួន បានធ្វើដំណើរឆ្លងកាត់ចន្លោះកោះមេអូគីណាវ៉ា និងកោះមីយ៉ាកូ (Miyako) ក្នុងខេត្តភាគខាងត្បូងប្រទេសជប៉ុន កាលពីថ្ងៃពុធ ខណៈដែលវាធ្វើដំណើរពីសមុទ្រចិនខាងកើតឆ្ពោះទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក ដោយមានការប្រទះឃើញយន្តហោះចម្បាំងនៅលើនាវានោះ ហោះឡើងចុះប្រហែល ១០ដង។

ក្រសួងដដែលបានបន្ថែមថា កងកម្លាំងស្វ័យការពារជប៉ុន (SDF) បានឆ្លើយតបភ្លាមៗដោយបញ្ជូននាវាពិឃាតមួយគ្រឿង យន្តហោះល្បាតពីរគ្រឿង និងបានបញ្ជូនយន្តហោះចម្បាំងឱ្យហោះស្ទាក់ផងដែរ។ នាវាផ្ទុកយន្តហោះនោះ បានបន្តដំណើរឆ្ពោះទៅកាន់សមុទ្រចិនខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍។

រីឯកងទ័ពជើងទឹកចិន បានឱ្យដឹងថា ការបញ្ជូននាវា លាវនីង ដែលជា-មួយក្នុងចំណោមនាវាផ្ទុកយន្តហោះទាំងបីរបស់ប្រទេសខ្លួន ទៅកាន់ប៉ាស៊ីហ្វិកខាងលិចដើម្បីធ្វើសមយុទ្ធ គឺធ្វើឡើងស្របតាម «ផែនការបណ្តុះបណ្តាលប្រចាំឆ្នាំ»។

ប្រែសម្រួល៖​ គីរី

To Top