នាវាដឹកប្រេងមួយគ្រឿង ផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ ក្រោយបុកត្រូវមីនសមុទ្រ នៅភាគខាងត្បូង នៃច្រកសមុទ្រហ័រមូស
តេអេរ៉ង់៖ កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសថា នាវាដឹកប្រេងមួយគ្រឿង ដែលបាន «រំលោភបំពាន» ផ្លូវហាមឃាត់ បានជួបហេតុការណ៍ផ្ទុះឆេះឡើង កាលពីប៉ុន្មានម៉ោងមុន បន្ទាប់ពីបានបុកត្រូវមីន សមុទ្រមួយគ្រាប់ នៅភាគខាងត្បូង នៃច្រកសមុទ្រហ័រមូស។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចុះផ្សាយនៅលើបណ្តាញព័ត៌មាន ផ្លូវការរបស់ IRGC គឺ Sepah News កងទ័ពជើងទឹកបានឱ្យដឹងថា ការផ្ទុះនេះបានបង្កឱ្យមានអគ្គិភ័យឆេះនៅក្នុង បន្ទប់ម៉ាស៊ីនរបស់នាវាដឹកប្រេងនោះ។
សេចក្តីថ្លែងការណ៍ បានបន្ថែមថា នាវានោះបានបិទប្រព័ន្ធ GPS និងប្រព័ន្ធរុករកផ្លូវរបស់ខ្លួន ហើយដោយ មិនគោរពតាមបទប្បញ្ញត្តិនានា នាវានេះបានព្យាយាមចាកចេញពីច្រកសមុទ្រតាមរយៈផ្លូវមួយដែល «មិនត្រូវបានអនុញ្ញាត» នៅភាគខាងត្បូងនៃផ្លូវទឹកនោះ។
កងទ័ពជើងទឹក IRGC បានសង្កត់ធ្ងន់ថា ប្រសិនបើនាវាដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស និងដែនទឹកជុំវិញនោះ បិទប្រព័ន្ធរុករកផ្លូវ និងប្រព័ន្ធកំណត់អត្តសញ្ញាណរបស់ខ្លួន នោះពួកគេនឹងត្រូវប្រឈមមុខនឹងវិធានការ «យ៉ាងតឹងរ៉ឹង និងដាច់ណាត់»។
អ៊ីរ៉ង់បានរឹតបន្តឹងការគ្រប់គ្រង លើច្រកសមុទ្រនេះ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ដោយហាមឃាត់ការធ្វើដំណើរ ដោយសុវត្ថិភាពសម្រាប់នាវាដែលជារបស់ ឬមានទំនាក់ទំនងជាមួយប្រទេសអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បន្ទាប់ពីប្រទេសទាំងពីរនេះ បានធ្វើការវាយប្រហាររួមគ្នា ទៅលើទឹកដីរបស់អ៊ីរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា
