អ៊ុយក្រែន បេីកការវាយប្រហារ ដោយយន្ដហោះទ្រង់ទ្រាយធំ លេីតំបន់ជាច្រើនរបស់រុស្ស៊ី ខណៈដ្រូនជាង ១០០០គ្រឿង ត្រូវបានស្ទាក់ចាប់
មូស្គូ៖ យោងតាមក្រសួងការពារជាតិរុស្ស៊ី តំបន់ជាច្រើនរបស់រុស្ស៊ី បានរងការវាយប្រហារដោយដ្រូន ចាប់ពីយប់ថ្ងៃសៅរ៍ រហូតដល់ព្រឹកថ្ងៃអាទិត្យ។ កងកម្លាំងការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនជាង ១.០០០ គ្រឿងក្នុងអំឡុងពេលយប់នោះ។
ក្រសួងបានបញ្ជាក់ថា ដ្រូនរបស់អ៊ុយក្រែនត្រូវបានបាញ់ទម្លាក់នៅពីលើតំបន់ Belgorod, Bryansk, Leningrad និងទីក្រុងមូស្គូ ព្រមទាំងនៅពីលើសមុទ្រខ្មៅ ផងដែរ។ ទីភ្នាក់ងារសារព័ត៌មាន TASS បានពណ៌នាការវាយប្រហារដោយដ្រូននេះថា ជាការវាយប្រហារដ៏ធំបំផុតមួយនៅក្នុងឆ្នាំនេះ។
លោក Alexander Beglov អភិបាលក្រុង St. Petersburg ដែលជាទីក្រុងធំទីពីររបស់រុស្ស៊ី បានឱ្យដឹងថា ទីក្រុងនេះបានរងការវាយប្រហារដោយដ្រូននៅព្រឹកព្រលឹមថ្ងៃអាទិត្យ ដែលបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ៥ នាក់ផ្សេងទៀតរងរបួស។
ទីភ្នាក់ងារសហព័ន្ធសម្រាប់ការដឹកជញ្ជូនតាមផ្លូវអាកាសរបស់រុស្ស៊ីបានឱ្យដឹងថា ការហោះហើរចេញ និងការចុះចតនៅអាកាសយានដ្ឋាន Pulkovo ក្នុងទីក្រុង St. Petersburg ត្រូវបានផ្អាកជាបណ្តោះអាសន្ន ហើយអ្នកដំណើរព្រមទាំងបុគ្គលិកត្រូវបានជម្លៀសទៅកាន់ទីតាំងដែលមានសុវត្ថិភាព។
លោក Alexander Drozdenko អភិបាលតំបន់ Leningrad បានសរសេរនៅលើបណ្តាញសង្គមថា ដ្រូនចំនួន ១៤៤ គ្រឿងត្រូវបានបាញ់ទម្លាក់នៅទូទាំងតំបន់នេះកាលពីព្រឹកថ្ងៃអាទិត្យ។
សំណល់នៃដ្រូនដែលធ្លាក់ចុះមកបានធ្វើឱ្យខូចខាតដល់អគារអាផាតមិនមួយ ផ្ទះឯកជនមួយ និងខ្សែបណ្តាញអគ្គិសនី ដែលបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីនៅក្នុងតំបន់មួយចំនួន។
ក្រសួងបានបន្ថែមថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី នៅតែបន្តកំណត់គោលដៅលើមជ្ឈមណ្ឌលភស្តុភារ កំពង់ផែ និងនាវាផ្សេងៗរបស់អ៊ុយក្រែន។ មជ្ឈមណ្ឌលភស្តុភារមួយដែលត្រូវបានប្រើប្រាស់ សម្រាប់ស្តុកទុក និងចែកចាយគ្រឿងបន្លាស់ដ្រូន ព្រមទាំងទំនិញផ្សេងទៀត បានរងការខូចខាត។
ក្នុងករណីដាច់ដោយឡែកមួយទៀត កងកម្លាំងរុស្ស៊ី បានវាយប្រហារលើនាវាដឹកទំនិញស្ងួតមួយគ្រឿង ដែលកំពុងដឹកជញ្ជូនទំនិញដែលអាចប្រើប្រាស់បានទាំងក្នុងវិស័យស៊ីវិល និងយោធា នៅចម្ងាយ ៣០ គីឡូម៉ែត្រភាគខាងកើតនៃកំពង់ផែ Odessa៕
ប្រែសម្រួល ឈូក បូរ៉ា
