ព័ត៌មានអន្តរជាតិ

អឺរ៉ុបចង់រឹតត្បិត ការនាំចូលពីប្រទេសចិនបន្ថែមទៀត ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្ម ទំនិញជាមួយទីក្រុងប៉េកាំង

បរទេស៖ យោងតាមលោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានឱ្យដឹងថា សហភាពអឺរ៉ុប (EU) នឹងស្នើវិធានការបន្ថែមទៀត ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្ម ទំនិញជាមួយប្រទេសចិន ដែលបច្ចុប្បន្នមានចំនួនជាង ១ ពាន់លានដុល្លារក្នុងមួយថ្ងៃ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ថា ថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុបកាលពីថ្ងៃទី ១៦ ខែតុលា លោកស្រី von der Leyen បានលើកឡើងថា នឹងមានការរឹតត្បិតបន្ថែមទៀត លើការនាំចូលពីប្រទេសចិន បន្ថែមលើកិច្ចព្រមព្រៀង កាត់បន្ថយចំនួនរថយន្តប្រភេទ Hybrid ដែលនាំចូលមកកាន់អឺរ៉ុបឱ្យនៅត្រឹមពាក់កណ្តាលនៃចំនួនបច្ចុប្បន្ន។

លោកស្រីបានបញ្ជាក់ថា កិច្ចព្រមព្រៀងកាត់បន្ថយការនាំចូលរថយន្ត Hybrid ពីចិនមកអឺរ៉ុបនេះ មិនទាន់អាចដោះស្រាយបញ្ហាអតុល្យភាពរចនាសម្ព័ន្ធពាណិជ្ជកម្មបាននៅឡើយទេ។ បច្ចុប្បន្ននេះ សហភាពអឺរ៉ុបមានឱនភាពពាណិជ្ជកម្មទំនិញជាមួយទីក្រុងប៉េកាំង ក្នុងទំហំទឹកប្រាក់ជាង ១ ពាន់លានអឺរ៉ូ ស្មើនឹងប្រហែល ១,១២ ពាន់លានដុល្លារអាមេរិក ក្នុងមួយថ្ងៃ។

លោកស្រីបានមានប្រសាសន៍ថា «នេះហើយជាមូលហេតុ ដែលយើងចាំបាច់ត្រូវចាត់វិធានការ។ វិស័យឧស្សាហកម្មនានា បានអំពាវនាវឱ្យមានចំណាត់ការ ហើយយើងបានស្តាប់សំណូមពរទាំងនោះ ដូច្នេះយើងនឹងឆ្លើយតបទៅវិញ រួមទាំងការដាក់ចេញនូវវិធានការការពារមួយចំនួនផងដែរ»។
ប្រែសម្រួលៈ តុលា

To Top