អ្នកនាំពាក្យ ៖ ជនភៀសសឹក២ម៉ឺននាក់ នៅតែមិនទាន់អាចត្រឡប់ទៅផ្ទះវិញ
ភ្នំពេញ ៖ លោក ប៉ែន បូណាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា រហូតមកទល់ពេលនេះ ជនភៀសសឹកកម្ពុជា ដែលនៅសល់ប្រមាណជា២ម៉ឺននាក់ នៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ ។

ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា ការខ័ណ្ឌសីមាព្រំដែន តាមរយៈគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) ដែលជាយន្តការគន្លឹះ សម្រាប់ការដោះស្រាយវិវាទដោយសន្តិវិធី ដូចមានចែងយ៉ាងច្បាស់ ក្នុងកិច្ចព្រមព្រៀងកម្ពុជា-ថៃ រួមទាំងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ និងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅមិនទាន់ត្រូវបានអនុវត្តជាក់ស្ដែង នៅលើទីតាំងនៅឡើយ ។ ការយឺតយ៉ាវក្នុងការអនុវត្តកិច្ចព្រមព្រៀង ទាំងនេះបានរារាំងប្រជាជនប្រមាណ២ម៉ឺននាក់ ក្នុងការត្រឡប់ទៅផ្ទះសម្បែងវិញ ដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ ។
លោកថា “ពាក់ព័ន្ធនឹងជនភៀសសឹក រហូតមកទល់ពេលនេះ ជនភៀសសឹកកម្ពុជាដែលនៅសល់ប្រមាណជា ២ម៉ឺននាក់មិនទាន់អាចវិល ត្រឡប់ទៅផ្ទះសម្បែងវិញ បាននៅឡើយដោយសារការរារាំងដោយបន្លាលួស ទូរកុងតឺន័រ និងការបំផ្លិចបំផ្លាញផ្ទះសម្បែងដោយកងកម្លាំងថៃ” ។
អ្នកនាំពាក្យបន្ថែមថា កម្ពុជាទាមទារឱ្យជនភៀសសឹកទាំងនោះវិលត្រឡប់ទៅផ្ទះសម្បែងវិញដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ដូចអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អះអាងថា ស្របតាមច្បាប់អន្តរជាតិ ជនស៊ីវិលមានសិទ្ធិវិល ត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញបាន ៕
