Feature

កម្ពុជា-ក្រូអាត ជំរុញកិច្ចប្រតិបត្តិការសកម្មភាពមីន ដើម្បីកម្ពុជាគ្មានផលប៉ះពាល់ ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ

ភ្នំពេញ ៖ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងលោក Gordan Grlić Radman រដ្ឋមន្ត្រីការបរទេស និង កិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាត បានដឹកនាំកិច្ចសន្ទនាកម្ពុជា-ក្រូអាត ស្តីពីនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសកម្មភាពមីន នៅទីស្នាក់ការអាជ្ញាធរមីន រាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងស្ថាប័នការទូត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាពមីន និងភាគីពាក់ព័ន្ធ ។

ក្នុងឱកាសនោះ លោកបណ្ឌិត លី ធុជ បានសម្តែងនូវការអបអរសាទរចំពោះក្រូអាត បានបញ្ចប់កាតព្វកិច្ចបោសសម្អាតមីនក្រោមអនុសញ្ញាអូតាវ៉ា បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងអស់រយៈពេល ៣១ឆ្នាំ និងបានកម្ទេចមីន ប្រមាណ ១០៧.០០០គ្រាប់ ដែលជាបទពិសោធន៍ដ៏មានតម្លៃ សម្រាប់ប្រទេសដែលកំពុងបន្តបេសកកម្មនេះ ។

លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩២មក កម្ពុជាបានបោសសម្អាតផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាង ៣.៥០០គីឡូម៉ែត្រក្រឡា និងកម្ទេចមីននិងយុទ្ធភណ្ឌគ្រឿងផ្ទុះជាង ៤លានគ្រាប់ ។ ទោះបីប្រឈមនឹងការរកឃើញយុទ្ធភណ្ឌគ្រឿងផ្ទុះថ្មីៗ នៅតាមតំបន់ព្រំដែនក៏ដោយ កម្ពុជា នៅតែប្តេជ្ញាសម្រេចគោលដៅគ្មាន ផលប៉ះពាល់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះនៅឆ្នាំ២០៣៥។

ក្នុងកិច្ចសន្ទនានេះ លោក បានសង្កត់ធ្ងន់ទៀតថា បច្ចេកវិទ្យា ដូចជាដ្រូន រូបភាពផ្កាយរណប ឧបករណ៍ចាប់សញ្ញាទំនើប និងបញ្ញាសិប្បនិម្មិត មានតួនាទីសំខាន់ក្នុងការបង្កើនប្រសិទ្ធភាពការងារបោសសម្អាតមីន។ ទោះជាយ៉ាងណា កត្តាស្នូលនៃភាពជោគជ័យនៅតែជាមនុស្ស រួមមានអ្នកជំនាញបោសសម្អាតមីន អ្នកអប់រំអំពីហានិភ័យ ការជួយជនរងគ្រោះ និងស្ថាប័នដែលមានសមត្ថភាពរឹងមាំ។ បទពិសោធន៍របស់ក្រូអាត ក្នុងការបញ្ចប់ការងារបោសសម្អាតមីន នឹងផ្តល់មេរៀនដ៏មានតម្លៃដល់កម្ពុជា ជាពិសេសការដោះស្រាយតំបន់លំបាកចុងក្រោយ និងការបន្តជួយជនរងគ្រោះរយៈពេលវែង។

លោកបណ្ឌិត លី ធុជ បានបញ្ជាក់ថា កម្ពុជាមានបទពិសោធន៍ និង សមត្ថភាពជាតិដ៏រឹងមាំក្នុងវិស័យសកម្មភាពមីន ព្រមទាំងបានចូលរួមចំណែក ក្នុងបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ និងការសាកល្បងបច្ចេកវិទ្យាថ្មីៗក្នុងលក្ខខណ្ឌជាក់ស្តែង។ កម្ពុជាត្រៀមខ្លួនចែករំលែកបទពិសោធន៍របស់ខ្លួន និងរៀនសូត្រពីក្រូអាត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

លោកបណ្ឌិត លី ធុជ បានបង្ហាញក្តីសង្ឃឹមថា កម្ពុជា និងក្រូអាត នឹងបន្តរួមគ្នាកសាងពិភពលោកដែលមានសុវត្ថិភាព ដោយធានាថា កុមារជំនាន់ក្រោយអាចរស់នៅ និងលូតលាស់លើដីដែលមានសុវត្ថិភាព ដោយមិនស្ថិតក្រោមការគំរាមកំហែងពីសំណល់នៃសង្គ្រាម៕

To Top