ព័ត៌មានអន្តរជាតិ

‎លោក Macron បដិសេធការស្នើសុំលាលែង ពីតំណែងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងស្នើឱ្យលោក Nunez រៀបចំយុទ្ធសាស្ត្រថ្មីៗឱ្យបានឆាប់បំផុត ដើម្បីដោះស្រាយបញ្ហាជន ដែលឆ្លៀតឱកាសលួចប្លន់

‎បរទេស៖ ការិយាល័យប្រធានាធិបតីបារាំង (Elysee) បានឱ្យដឹងនៅថ្ងៃចន្ទថា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបដិសេធសំណើលាលែង ពីតំណែង របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Laurent Nunez បន្ទាប់ពីមានអំពើហិង្សាចលាចលយ៉ាង ទូលំទូលាយកាលពីចុងសប្តាហ៍កន្លងទៅ។

‎
‎យោងតាមសារព័ត៌មាន Reuters ចេញផ្សាយ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ថា ការតវ៉ាទាំងនេះបានផ្ទុះឡើង ដោយសារកំហឹងរបស់សាធារណជនចំពោះការកើនឡើង នៃថ្លៃចំណាយក្នុងការរស់នៅ សេវាសាធារណៈដែលមិនមានប្រសិទ្ធភាព និងស្ថានភាពនៃសាលារៀននានា ។
‎
‎ការិយាល័យប្រធានាធិបតី បានបន្ថែមថា លោក Macron បានស្នើឱ្យលោក Nunez បន្តបំពេញតួនាទី ដើម្បីធានាថាខ្សែចាត់តាំងបញ្ជាការ នៅក្នុងកងកម្លាំងប៉ូលិស និងកងកម្លាំងសន្តិសុខនៅតែដំណើរការដដែល។ លើសពីនេះ លោក Macron ក៏បានស្នើឱ្យលោក Nunez រៀបចំយុទ្ធសាស្ត្រថ្មីៗឱ្យបានឆាប់បំផុត ដើម្បីដោះស្រាយបញ្ហាជនដែលឆ្លៀតឱកាសលួចប្លន់ទ្រព្យសម្បត្តិផងដែរ។
‎
‎សូមជម្រាបថា ការតវ៉ាទូទាំងប្រទេស បានប្រែក្លាយទៅជាអំពើហិង្សាចលាចលកាលពីថ្ងៃសៅរ៍ ដោយមានការដុតបំផ្លាញសាលាក្រុង ការលួចប្លន់នៅតាមហាងទំនិញ និង ការគូរគំនូរឬសរសេរអក្សរផ្ដេសផ្ដាសលើអគារនានា ខណៈដែលក្រុមអ្នកបង្កហិង្សា បានប៉ះទង្គិចជាមួយប៉ូលិសនៅក្នុងទីក្រុងផ្សេងៗ។

To Top