Feature

សម្តេច ឃួន សុដារី ៖ សភាអេឡិចត្រូនិក លើកកម្ពស់តួនាទី និងភារកិច្ចរបស់រដ្ឋសភា ក្នុងការបម្រើផលប្រយោជន៍ជូនពលរដ្ឋកាន់តែមានប្រសិទ្ធភាព

ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការកសាងមូលដ្ឋានគ្រឹះ ដើម្បីប្រែក្លាយរបៀបរបបធ្វើការ របស់រដ្ឋសភាឆ្ពោះទៅកាន់សភាឌីជីថល ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា និងនិន្នាការសកលលោក ដែលមានការរីកចម្រើនយ៉ាង ខ្លាំងលើបច្ចេកវិទ្យា ដើម្បីលើកកម្ពស់តួនាទី និងភារកិច្ចរបស់រដ្ឋសភា នៅក្នុងការបម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព។

សម្តេច ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សភាឌីជីថលឬសភាអេឡិចត្រូនិក ជាការឆ្លើយតបទៅនឹងភាពចាំបាច់ក្នុងការលើកកម្ពស់តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ក៏ដូចជាការងារនីតិប្បញ្ញត្តិ។

ការធ្វើបរិវត្តកម្មនេះ គឺជាកម្លាំងចលករដ៏សំខាន់ ក្នុងការលុបបំបាត់របាំងការិយាធិបតេយ្យ កាត់បន្ថយការប្រើប្រាស់ក្រដាស សន្សំសំចៃពេលវេលា ព្រមទាំងជាស្ពានតភ្ជាប់ប្រកប ដោយនវានុវត្តន៍ក្នុងការធ្វើឱ្យស្ថាប័នសភាកាន់តែមានភាពរហ័សរហួន និងរស់រវើកក្នុងការឆ្លើយតប ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។

សម្តេច ប្រធានរដ្ឋសភា បានមានប្រសាសន៍បែបនេះក្នុងឱកាស សម្តេច បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ការអភិវឌ្ឍសភាអេឡិចត្រូនិក (e-Parliament)» របស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ រៀបចំឡើងដោយអគ្គលេខាធិការដ្ឋានរដ្ឋសភា។

សម្តេច ឃួន សុដារី បន្តថា ការវិវត្តរបស់ស្ថាប័ននីតិប្បញ្ញត្តិយើង គឺត្រូវតែបោះជំហានដើរស្របគ្នាជាមួយស្ថាប័ននីតិប្រតិបត្តិ ដោយផ្តោតជាយុទ្ធសាស្ត្រលើ «បរិវត្តកម្មឌីជីថល និងការអភិវឌ្ឍធនធានមនុស្ស» ដែលជាស្លាបទាំងពីរនៃការធ្វើទំនើបកម្មស្ថាប័ន។

សូមជម្រាបថា ការធ្វើទំនើបកម្មស្ថាប័នរដ្ឋសភាទៅជាសភាឌីជីថល បានចាប់ផ្តើមអនុវត្តនៅក្នុងនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា។ សិក្ខាសាលានាពេលនេះ រៀបចំឡើងក្នុងគោលបំណងរាយការណ៍ជូនថ្នាក់ដឹកនាំ និងសមាជិក សមាជិការដ្ឋសភា អំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗនានា ដែលក្រុមការងារសម្រេចបានក្នុងការរៀបចំសភាអេឡិចត្រូនិក ក្នុងរយៈពេលជាង ៣ឆ្នាំកន្លងមកនេះ ដើម្បីស្នើសុំមតិយោបល់ និងធាតុចូលបន្ថែមលើកិច្ចការដែលក្រុមការងារបានរៀបចំ សំដៅធ្វើឱ្យការកសាងសភាអេឡិចត្រូនិករបស់រដ្ឋសភាមានលក្ខណៈគ្រប់ជ្រុងជ្រោយ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់តំណាងរាស្ត្រ៕

To Top