លោក ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេស ចុះពិនិត្យ ជាក់ស្ដែងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ៣ខ្សែ និងស្ពាន ៣កន្លែងនៅខេត្តត្បូងឃ្មុំ និងកំពង់ចាម
ខេត្តត្បូងឃ្មុំនិងកំពង់ចាម ៖ នាព្រឹកថ្ងៃទី១៩ខែតុលា ឆ្នាំ២០២៦ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីសំណាក់ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យជាក់ស្ដែងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទចំនួន ៣ខ្សែ និងស្ពានចំនួន ៣កន្លែង ដែលកុំពុងអនុវត្ត និងទទួលរងការខូចខាត ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម មានដូចខាងក្រោម ៖

ខ្សែទី១ ៖ ឈ្មោះ ភូមិផ្កាដូង-ត្រពាំងប្ញស្សី ជាប្រភេទផ្លូវកម្រាលល្បាយក្រួស មានប្រវែង ១៨.៧៦ គ.ម. ទទឹង ៥ម៉ែត្រ តភ្ជាប់ពីភូមិផ្កាដូង ឃុំឈូក ស្រុកក្រូចឆ្មារ ទៅដល់ភូមិត្រពាំងឬស្សី ឃុំតំបែរ ស្រុកតំបែរ។ ផ្លូវនេះ ត្រូវបានស្ថាបនាក្នុងឆ្នាំ២០០៩ ដោយក្រសួងអភិវឌ្ឍន៍ជនបទ បច្ចុប្បន្នទទួលរងការខូចខាតដោយកន្លែង ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ ខ្សែផ្លូវនេះមានអ្នកទទួលផលដោយផ្ទាល់សរុប ចំនួន ៤ ៩៧៩គ្រួសារ និង អ្នកទទួលផលដោយប្រយោលចំនួន ១៦ ១៤០គ្រួសារ ។

ខ្សែទី២៖ សាងសង់ផ្លូវប្រវែង ២,៩០ គ.ម. ក្នុងនោះ ផ្លូវបេតុង ប្រវែង ៣០០ម៉ែត្រ និងផ្លូវល្បាយគ្រួស ២,៦០ គ.ម. ស្ថិតនៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ផ្លូវនេះបាននិងកំពុងអនុវត្តគម្រោសាងសង់ ដោយសម្រេចបានប្រមាណ ៧០%នៃផែនការ។ ខ្សែផ្លូវនេះផ្តល់ផលដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាពលរដ្ឋក្នុងតំបន់នេះ ពិសេសប្រជាពលរដ្ឋក្នុងឃុំព្រែកកក់ ដែលមានចំនួន ២៦០គ្រួសារ ស្មើនឹង ៨៨៣នាក់ ស្រី ៤៨០នាក់។
ខ្សែទី៣ ៖ ជាប្រភេទផ្លូវ ក្រាលកៅស៊ូពីរជាន់ និងបេតុង មានប្រវែង ៣,៧ គ.ម. តភ្ជាប់ពីក្លោងទ្វារវត្តព្រះអង្គគុហ៍ ឆ្ពោះទៅភ្ជាប់នឹងផ្លូវបំបែកពាមកោះស្នា ស្ថិតនៅក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលបានសាងសង់នៅឆ្នាំ២០២០ ដោយក្រសួងអភិវឌ្ឍន៍ជនបទ។

បន្ទាប់មក លោករដ្ឋមន្រ្ដី និងមន្ត្រីបច្ចេកទេស បានបន្តអញ្ជើញទៅពិនិត្យស្ពានចំនួន ៣កន្លែងផ្សេងទៀតរួមមាន ៖
-ស្ពានបេតុងកំពុងសាងសង់ចំនួន ១កន្លែង ប្រវែង ១៨ម៉ែត្រ ទទឹង ៨ម៉ែត្រ ស្ថិតនៅភូមិបឹងតាចូត ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម សម្រេចបានវឌ្ឍនភាព ៧០%។
-ស្ពានបេតុង ព្រែកអាចារ្យសួន មានប្រវែង ៩០ម៉ែត្រ ទទឹងប្រវែង ៩,៦០ ម៉ែត្រ ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម សាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២០ ។
-ស្ពានបាឡេត៌ ព្រែកតាយី មានប្រវែង ៦៣ ម៉ែត្រ ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម សាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទនៅឆ្នាំ១៩៩៣ ដែលគ្រោងនឹង សាងសង់ជាស្ពានបេតុង។

តាមរយៈ ការពិនិត្យជាក់ស្ដែង លោករដ្ឋមន្ត្រី បានណែនាំដល់អគ្គនាយកដ្ឋាន បច្ចេកទេសរបស់ក្រសួង នាយកយដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ត្រូវត្រួតពិនិត្យការអនុវត្តគម្រោងស្ថាបនាឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងសិក្សាលទ្ធភាពក្នុងការសិក្សាលើកកម្រិតគុណភាពផ្លូវឡើងវិញ ចំពោះខ្សែផ្លូវដែលរងការខូចខាត ដើម្បីធ្វើការដោះស្រាយ សម្រួលចរាចរណ៍ដឹកជញ្ជូន និងធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅតំបន់នោះ។
ដោយឡែកស្ពានបាឡេមួយកន្លែង ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម លោករដ្ឋមន្ត្រី បានណែនាំដល់នាយកដ្ឋាន ជំនាញសិក្សាលទ្ធភាពដាក់បញ្ចូល ក្នុងគម្រោងផែនការ តាមនិតិវិធីជាធរមាន ៕





