Feature

អូស្ត្រាលីបំពាក់យន្តហោះដ្រូន និងគ្រាប់មីនសមុទ្រលើនាវាមុជទឹកគ្មានមនុស្សបើកថ្មី “Ghost Shark” ដើម្បីពង្រឹងសមត្ថភាពយោធា

​បរទេស៖ ក្រសួងការពារជាតិអូស្ត្រាលី បានប្រកាសនៅថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦ នេះថា ខ្លួនកំពុងពង្រឹងសមត្ថភាពសង្គ្រាមក្រោមសមុទ្រយ៉ាងសកម្ម តាមរយៈការបំពាក់យន្តហោះដ្រូន (Aerial Drones) ជាហ្វូង និងគ្រាប់មីនសមុទ្រ ទៅលើនាវាមុជទឹកគ្មានមនុស្សបើកឈ្មោះថា “Ghost Shark” (ឆ្លាមខ្មោច) នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន FoxNews ។

នាវាមុជទឹកគ្មានមនុស្សបើកខ្នាតធំ (Ghost Shark) នេះត្រូវបានអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិអាមេរិក Anduril និងអ្នកវិទ្យាសាស្ត្រការពារជាតិអូស្ត្រាលី។ ក្រុមហ៊ុននេះកំពុងសាងសង់កងនាវា Ghost Shark សម្រាប់រដ្ឋាភិបាលអូស្ត្រាលី ក្រោមកិច្ចសន្យាដែលមានទំហំទឹកប្រាក់ ១,៨ ពាន់លានដុល្លារអូស្ត្រាលី (ប្រហែល ១,៣ ពាន់លានដុល្លារអាមេរិក)។

រដ្ឋមន្ត្រីឧស្សាហកម្មការពារជាតិអូស្ត្រាលី លោក Pat Conroy បានបញ្ជាក់ថា ក្រោយពីមានការសាកល្បងជាសម្ងាត់ គ្រឿងបំពាក់ចំនួន ៣ ប្រភេទត្រូវបានអនុម័តដើម្បីអនុវត្តការងារ “ដែលយើងមិនចង់ឱ្យមនុស្សធ្វើ”។ នាវាមុជទឹក Ghost Shark នេះអាចផ្ទុកគ្រាប់មីនសមុទ្ររហូតដល់ទៅ ១២គ្រាប់ មានបំពាក់បរិក្ខារសម្រាប់កងកម្លាំងពិសេស និងយន្តហោះដ្រូន Altius របស់ក្រុមហ៊ុន Anduril ដែលអាចបាញ់បង្ហោះចេញពីសមុទ្រ ដើម្បីបង្កើតជាហ្វូងដ្រូនសម្រាប់ធ្វើការស៊ើបការណ៍ និងការវាយប្រហារ។

លោក Conroy បានគូសបញ្ជាក់ថា នាវា Ghost Shark នេះមិនត្រឹមតែអាចលាក់ខ្លួនក្នុងកុងតឺន័រទំនិញនៅតាមកំពង់ផែអូស្ត្រាលីប៉ុណ្ណោះទេ ប៉ុន្តែពេលនេះពួកវាថែមទាំង “មានធ្មេញ (ប្រដាប់ដោយអាវុធធុនធ្ងន់)” ទៀតផង ដែលនេះជាការព្រមានដល់សត្រូវសក្តានុពល។ នាវាទាំងនេះអាចធ្វើដំណើរបានចម្ងាយឆ្ងាយ និងប្រតិបត្តិការស្របគ្នាជាមួយកងនាវាមុជទឹកដែលមានមនុស្សបើក។

ការពង្រីកការវិនិយោគយ៉ាងឆាប់រហ័សលើប្រព័ន្ធដ្រូនរបស់អូស្ត្រាលីនេះ ធ្វើឡើងស្របពេលដែលមានការព្រួយបារម្ភចំពោះការពង្រីកកងទ័ពជើងទឹកយ៉ាងលឿនរបស់ប្រទេសចិន និងភាពតានតឹងនៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ គម្រោងនេះក៏ស្របនឹងការប្តេជ្ញាចិត្តរបស់ដៃគូសម្ព័ន្ធភាព AUKUS (អូស្ត្រាលី អង់គ្លេស និងអាមេរិក) ក្នុងការអភិវឌ្ឍប្រព័ន្ធដ្រូនសម្រាប់សង្គ្រាមក្រោមសមុទ្រផងដែរ។

​រដ្ឋមន្ត្រីអូស្ត្រាលីរូបនេះក៏បានបន្ថែមថា មានប្រទេសមួយចំនួនផ្សេងទៀតកំពុងបង្ហាញចំណាប់អារម្មណ៍ចង់ទិញយកនាវាមុជទឹក Ghost Shark នេះផងដែរ។

ប្រែសម្រួល៖ គីរី 

To Top