ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង ចាត់ទុកស្ថានភាពនៅព្រំដែនភាគខាងត្បូងថា «ប្រកបដោយអស្ថិរភាពខ្លាំង» និងព្រមានចាត់វិធានការតបត
បរទេស៖ លោកស្រី គីម យ៉ូចុង (Kim Yo-jong) ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានថ្លែងកាលពីថ្ងៃចន្ទថា ស្ថានភាពនៅតំបន់ព្រំដែនភាគខាងត្បូងកំពុងស្ថិតក្នុង «អស្ថិរភាពយ៉ាងខ្លាំង» ដោយលោកស្រីបានបញ្ជាក់ថា កូរ៉េខាងជើងកំពុងពិចារណាលើការចាប់ផ្តើមការចាក់ផ្សាយតាមឧគ្ឃោសនសព្ទ (Loudspeaker) នៅតាមបណ្តោយព្រំដែនឡើងវិញ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Yonhapថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ។
ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីទីក្រុងព្យុងយ៉ាង បានបដិសេធម្តងហើយម្តងទៀតចំពោះការទទួលខុសត្រូវលើករណីផ្ទុះគ្រាប់មីនកាលពីខែមុន ដែលបានបណ្តាលឱ្យទាហានកូរ៉េខាងត្បូង ៣នាក់រងរបួស (ក្នុងនោះ២នាក់របួសធ្ងន់)។ កូរ៉េខាងជើងក៏បានទាត់ចោលការរកឃើញរបស់ទីក្រុងសេអ៊ូលដែលថា គ្រាប់មីនទាំងនោះត្រូវបានបង្កប់ដោយចេតនាពីសំណាក់កងទ័ពរបស់ខ្លួន។
តាមរយៈសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេសចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានមជ្ឈិមការកូរ៉េ (KCNA) លោកស្រី គីម បានថ្លែងថា៖ “ពេលនេះស្ថានភាពនៅព្រំដែនភាគខាងត្បូងគឺមានអស្ថិរភាពខ្លាំងណាស់។ ស្ថានភាពដ៏ធ្ងន់ធ្ងរមួយកំពុងគ្របដណ្តប់តាមបណ្តោយព្រំដែន ដោយសារតែអាកប្បកិរិយាដ៏គឃ្លើនរបស់ក្រុមយោធាកូរ៉េខាងត្បូង”។
លោកស្រីបានចោទប្រកាន់យោធាកូរ៉េខាងត្បូងថាបានគំរាមកំហែងដល់ទាហានកូរ៉េខាងជើង និងបាន «រំលងបន្ទាត់ក្រហម» តាមរយៈអ្វីដែលលោកស្រីហៅថាជា «រឿងប្រឌិតនៃការផ្ទុះមីន»។
លោកស្រីបានអះអាងថា កូរ៉េខាងត្បូងបានធ្វើការចាក់ផ្សាយតាមឧគ្ឃោសនសព្ទចំនួន ២.៨៧០ដង និងបានបាញ់ព្រមានចំនួន ២០១គ្រាប់ ចន្លោះពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី១៧ ខែតុលា។
ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងរូបនេះ ក៏បានរិះគន់រដ្ឋាភិបាលរបស់ប្រធានាធិបតីកូរ៉េខាងត្បូងបច្ចុប្បន្ន លោក លី ចេម្យុង (Lee Jae Myung) ថាមានសកម្មភាពហួសហេតុជាងរបបអភិរក្សនិយមតឹងរ៉ឹងរបស់អតីតប្រធានាធិបតី យូន សុកយ៉េល (Yoon Suk Yeol) ទៅទៀត ទោះបីជារដ្ឋាភិបាលនេះធ្លាប់អះអាងពីការគាំទ្រការផ្សះផ្សា និងសន្តិភាពក៏ដោយ។
លោកស្រី គីម បានព្រមានថា យោធាកូរ៉េខាងជើងកំពុងពិចារណាដាក់ពង្រាយមធ្យោបាយវាយប្រហារយុទ្ធសាស្ត្របន្ថែមទៀតនៅតាមព្រំដែន និងបន្តការចាក់ផ្សាយតាមឧគ្ឃោសនសព្ទឡើងវិញ រួមជាមួយនឹងវិធានការផ្សេងៗទៀត។ លោកស្រីបានសង្កត់ធ្ងន់ថា៖ “ទីក្រុងសេអ៊ូលប្រាកដជានឹងសោកស្តាយ និងប្រឈមមុខនឹងគ្រោះថ្នាក់ដ៏អាក្រក់ដែលមិនអាចគ្រប់គ្រងបាន”។
កាលពីឆ្នាំមុន ទីក្រុងសេអ៊ូលបានផ្អាកការចាក់ផ្សាយតាមឧគ្ឃោសនសព្ទនៅតាមព្រំដែន ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់លោកប្រធានាធិបតី លី ដើម្បីស្តារទំនុកចិត្តរវាងកូរ៉េទាំងពីរ ហើយជាការឆ្លើយតប កូរ៉េខាងជើងក៏បានផ្អាកការចាក់ផ្សាយរបស់ខ្លួននៅតាមព្រំដែនផងដែរ។ យ៉ាងណាមិញ ភាពតានតឹងបានវិលត្រឡប់មកវិញក្រោយហេតុការណ៍ផ្ទុះមីននាពេលថ្មីៗនេះ។
ប្រែសម្រួល៖ គីរី
