event

រដ្ឋមន្ដ្រីអប់រំ ៖ ក្នុងយុគសម័យការរីកចម្រើនយ៉ាងរហ័សនៃ AI និស្សិតត្រូវបណ្តុះស្មារតីនៃការសិក្សាពេញមួយជីវិត

បាត់ដំបង ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ក្នុងយុគសម័យនៃការរីកចម្រើនយ៉ាងរហ័សនៃ AI និស្សិតត្រូវបណ្តុះស្មារតីនៃការសិក្សាពេញមួយជីវិត ដោយចេះប្រើប្រាស់ AI ជាជំនួយការឆ្លាតវៃប្រកបដោយការទទួលខុសត្រូវ។

ការថ្លែងរបស់ លោក ហង់ជួន ណារ៉ុន បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតសាកលវិទ្យាល័យអន្តរជាតិ ឌូវី នៅខេត្តបាត់ដំបង នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។

ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងផ្តោតការយកចិត្តទុកដាក់លើការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយតម្រូវឱ្យគ្រឹះស្ថានឧត្តមសិក្សារៀបចំកម្មវិធីសិក្សាឆ្លើយតបជាក់ស្តែងទៅនឹងតម្រូវការទីផ្សារការងារ រួមទាំងការបណ្តុះបណ្តាលជំនាញបច្ចេកទេសសំខាន់ៗដូចជា សន្តិសុខសាយប័រ (Cybersecurity), បញ្ញាសិប្បនិម្មិត (AI), និងវិស្វកម្មអគ្គិសនី ជាដើម។ 

លោកឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើការអនុវត្តបច្ចេកវិទ្យាក្នុងវិស័យកសិកម្ម ដើម្បីប្រែក្លាយពីកសិកម្មបែបប្រពៃណីទៅជា កសិកម្មទំនើប និងកសិករឆ្លាតវៃ សំដៅបង្កើនផលិតភាព និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ក្នុងយុគសម័យនៃការរីកចម្រើនយ៉ាងរហ័សនៃ AI និស្សិតត្រូវបណ្តុះស្មារតីនៃការសិក្សាពេញមួយជីវិត ដោយចេះប្រើប្រាស់ AI ជាជំនួយការឆ្លាតវៃប្រកបដោយការទទួលខុសត្រូវ និងទាញយកសក្តានុពលរបស់វាឱ្យអស់លទ្ធភាព ដោយមិនត្រូវពឹងផ្អែកទាំងស្រុងលើ AI ឬបោះបង់ចោលការគិតពិចារណា និងការវិភាគដោយខ្លួនឯងនោះឡើយ»៕

To Top