ព័ត៌មានអន្តរជាតិ

ការលេចធ្លាយសារធាតុគីមី ពីធុងស្តុកមួយ បណ្តាលឱ្យមានការជម្លៀស ប្រជាជននៅក្នុងរដ្ឋ Ohio

ញូវយ៉ក៖​ ធុងស្តុកសារធាតុគីមីមួយ​ បានលេចធ្លាយកាលពីយប់ថ្ងៃអង្គារ នៅទីក្រុង Toledo រដ្ឋ Ohio សហរដ្ឋអាមេរិក​ ដោយបានបញ្ចេញឧស្ម័នពុលឈ្មោះ Glycidyl Methacrylate ទៅក្នុងបរិយាកាស។ ហេតុការណ៍នេះបានបង្ខំឱ្យប្រជាជនជិត ១,០០០ នាក់ ត្រូវជម្លៀសចេញពីលំនៅឋាន ហើយប្រជាជនជាង ៥០,០០០ នាក់ផ្សេងទៀត ត្រូវបានណែនាំឱ្យស្នាក់នៅក្នុងផ្ទះ (មិនត្រូវចេញទៅក្រៅ)។

លោក Wade Kapszukiewicz អភិបាលក្រុង Toledo បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា ការលេចធ្លាយសារធាតុគីមី​ ពីធុងដែលមានចំណុះ ៥,៥០០ ហ្គាឡុងនេះ បានកើតឡើងដោយសារកំហុសក្នុងអំឡុងពេលផ្ទេរសារធាតុគីមី។

លោកបានបន្ថែមថា អាជ្ញាធរកំពុងរង់ចាំឱ្យសារធាតុគីមីនោះហួតចេញពីធុងដោយខ្លួនឯង ជាជាងការប៉ុនប៉ង «បញ្ឈប់ការលេចធ្លាយដោយផ្ទាល់» ដែលអាចបង្កហានិភ័យនៃការផ្ទុះ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃពុធថា មនុស្សយ៉ាងហោចណាស់ ៣៥ នាក់ បានទទួលការព្យាបាលនៅមន្ទីរពេទ្យ ដោយមានអាការៈស្រាលៗ ដូចជា រលាកភ្នែក ឬរលាកបំពង់ក។ លើសពីនេះ មន្ត្រីអនុវត្តច្បាប់ម្នាក់ ក៏បានទទួលការព្យាបាលផងដែរ បន្ទាប់ពីមានអាការៈមិនស្រួលខ្លួន ហើយសាលារៀននានាក៏ត្រូវបានបិទ។

អង្គភាពពន្លត់អគ្គិភ័យ និងសង្គ្រោះបន្ទាន់នៃទីក្រុង Toledo បានកាត់បន្ថយតំបន់ជម្លៀសឱ្យនៅសល់ត្រឹមរង្វង់កាំកន្លះម៉ាយ (ប្រហែល ០.៨ គីឡូម៉ែត្រ) និងបានលុបចោលបញ្ជាឱ្យស្នាក់នៅក្នុងផ្ទះហើយ។

សារធាតុ Glycidyl Methacrylate គឺជាសារធាតុគីមី ឧស្សាហកម្ម​ ដែលអាចឆេះបាន ដែលត្រូវបានប្រើប្រាស់ សម្រាប់លាបការពារផ្ទៃវត្ថុ និងជាសារធាតុបន្ថែមក្នុងផលិតកម្មប្លាស្ទិក។

សារធាតុនេះត្រូវបានរក្សាទុក ក្នុងទម្រង់ជារាវ ប៉ុន្តែនឹងប្រែទៅជាឧស្ម័ននៅពេលបញ្ចេញទៅក្នុងបរិយាកាស ហើយវាអាចបង្កឱ្យមានការរលាក ឬរមាស់ដល់ស្បែក ភ្នែក និងបំពង់ក៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top