ចក្រភពអង់គ្លេស និងអូម៉ង់ ឯកភាពគ្នាលើភាពចាំបាច់ ក្នុងការបើកច្រកសមុទ្រហ័រមូស
ឡុងដ៍៖ យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយរដ្ឋាភិបាលអង់គ្លេសនាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham និងស៊ុលតង់នៃប្រទេសអូម៉ង់ គឺព្រះអង្គម្ចាស់ Haitham bin Tariq បានឯកភាពគ្នានៅថ្ងៃពុធនោះ អំពីភាពចាំបាច់ក្នុងការបើកច្រកសមុទ្រហ័រមូស។
នៅក្នុងជំនួបជាមួយស៊ុលតង់នៃប្រទេសអូម៉ង់ នៅឯវិមាន Downing Street លោក Burnham បានលើកឡើងថា ការបើកច្រកសមុទ្រហ័រមូសឡើងវិញ នឹងជួយកាត់បន្ថយសម្ពាធ លើខ្សែច្រវាក់ផ្គត់ផ្គង់សកល និងកាត់បន្ថយផលប៉ះពាល់ ដល់ប្រជាជននៅក្នុងប្រទេស។
សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា ពាក់ព័ន្ធនឹងស្ថានភាពនៅមជ្ឈិមបូព៌ា លោក Burnham បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់ប្រទេសអូម៉ង់ ក្នុងការរក្សស្ថិរភាពក្នុងតំបន់ ព្រមទាំងបានថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអូម៉ង់ ក្នុងការបើកច្រកសមុទ្រហ័រមូសឡើងវិញ។
កាលពីថ្ងៃទី ២៨ ខែកុម្ភៈ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហាររួមគ្នាទៅលើទីក្រុងតេអេរ៉ង់ និងទីក្រុងផ្សេងទៀតរបស់អ៊ីរ៉ង់។
ជាការឆ្លើយតប អ៊ីរ៉ង់ បានបាញ់មីស៊ីល និងបញ្ជូនយន្តហោះដ្រូនជាច្រើនលើក ដើម្បីវាយប្រហារលើអ៊ីស្រាអែល ក៏ដូចជាមូលដ្ឋាន និងទ្រព្យសម្បត្តិ របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ហើយថែមទាំងបានរឹតបន្តឹង ការគ្រប់គ្រងលើច្រកសមុទ្រហ័រមូសថែមទៀត។
មុនពេលសង្គ្រាមផ្ទុះឡើង ប្រេងឥន្ធនៈ និងប្រេងឆៅ ប្រមាណ ២០,៣ លានបារ៉ែល ត្រូវបានដឹកជញ្ជូន ឆ្លងកាត់ច្រកសមុទ្រនេះ ជារៀងរាល់ថ្ងៃ ដែលស្មើនឹងប្រហែល ២៥ ភាគរយនៃការជួញដូរប្រេង តាមផ្លូវសមុទ្រទូទាំងពិភពលោក៕
ប្រែសម្រួល ឈូក បូរ៉ា
