ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំង ប្តេជ្ញានាំមកនូវសណ្តាប់ធ្នាប់ឡើងវិញ និងបានហៅការរិះគន់ របស់មេដឹកនាំបរទេសជុំវិញ ភាពវឹកវរនេះថា ជា «ការលើកឡើងដ៏ល្ងង់ខ្លៅ»

បរទេស៖ នៅថ្ងៃពុធ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្តេជ្ញាថា នឹងទប់ស្កាត់កុំឱ្យមាន អំពើហិង្សា ដូចកាលពីចុងសប្តាហ៍មុន កើតឡើងម្តងទៀតនៅក្នុងការតវ៉ា ដែលគ្រោងនឹងធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ។ លោក Macron ក៏បានច្រានចោលមតិយោបល់របស់មេដឹកនាំបរទេសមួយចំនួនជុំវិញភាពវឹកវរនេះ ដោយចាត់ទុកថា ជាការលើកឡើងដ៏ «ល្ងង់ខ្លៅ» និង «មិនអាចទទួលយកបាន»។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ថា សហភាពនិស្សិតដ៏សំខាន់មួយរបស់បារាំង គឺ UNEF បានអំពាវនាវឱ្យមានការជួបជុំតវ៉ាបន្ថែមទៀតនៅថ្ងៃសៅរ៍ ខណៈដែលក្រុម «អាវកាក់ពណ៌លឿង» (Yellow Vest) ដែលបានលេចឡើងជាចលនាដ៏មានឥទ្ធិពលប្រឆាំងនឹងរដ្ឋាភិបាលកាលពីឆ្នាំ ២០១៨ នោះ បានដាក់ផែនការធ្វើបាតុកម្មដើរក្បួនកាត់កណ្តាលទីក្រុងប៉ារីសនៅថ្ងៃដដែលនោះដែរ។

កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងក្នុងសង្គមហាក់មិនមានសញ្ញាវិជ្ជមានឡើយ ដោយសារក្រុមសហជីពនានាបានប្តេជ្ញាបន្តផែនការធ្វើកូដកម្មទូទៅនៅថ្ងៃទី ៥ ខែវិច្ឆិកា ដើម្បីប្រឆាំងនឹងការឡើងថ្លៃទំនិញ និងការកាត់បន្ថយសេវាសាធារណៈ បន្ទាប់ពីការចរចាជាមួយរដ្ឋាភិបាលមិនទទួលបានលទ្ធផលអ្វីសោះ។

កាលពីថ្ងៃទី ១៧ ខែតុលា ប្រទេសបារាំងបានជួបប្រទះនឹងភាពវឹកវរ ក្នុងទីក្រុងដ៏ធ្ងន់ធ្ងរបំផុតមួយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អំឡុងពេល នៃការតវ៉ាទូទាំងប្រទេស។ ហេតុការណ៍នេះបានធ្វើឱ្យប្រជាជន ទាំងមូលមានការភ្ញាក់ផ្អើល ទាំងដោយសារតែទំហំនៃភាពវឹកវរនោះ និងដោយសារតែសមត្ថកិច្ចហាក់ ដូចជាមិនអាចគ្រប់គ្រងស្ថានការណ៍បាន។

លោក Macron បានថ្លែងថា លោកនឹងជួបពិភាក្សាជាមួយមន្ត្រីស៊ើបការណ៍សម្ងាត់ និងរដ្ឋមន្ត្រីជាន់ខ្ពស់នានានៅថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីវិបត្តិដែលកំពុងកើតឡើងនេះ។
ប្រែសម្រួលៈ តុលា

To Top