ព័ត៌មានជាតិ

សម្ដេចធិបតី អំពាវនាវខ្មែរទាំងក្នុង និងក្រៅប្រទេស រក្សាភាពស្ងៀមស្ងាត់ ទុកឱកាសរដ្ឋាភិបាល ដោះស្រាយបញ្ហាព្រំដែនជាមួយថៃ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ខ្មែរគ្រប់និន្នាការទាំងក្នុង និងក្រៅប្រទេស រក្សាភាពស្ងៀមស្ងាត់ ដើម្បីទុកឱកាសឱ្យរាជរដ្ឋាភិបាល ដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ។

ការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្រប់ពេល សម្ដេច បានស្វាគមន៍ការចាត់ក្រុមការងាររបស់លោក អ៊ុំ សំអាន មកផ្ទៀងផ្ទាត់ដីព្រំដែនចន្លោះបង្គោល៥២ ទៅ៥៩ ហើយការផ្ទៀងផ្ទាត់អាចធ្វើក្រោយថ្ងៃទី២៨ ខែវិច្ឆិកា។

ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា សម្ដេច មិនចូលចិត្តឆ្លើយឆ្លងជាមួយក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុកនោះទេ ប៉ុន្ដែមូលហេតុ សម្ដេច សម្រេចចិត្តឆ្លើយតប ពីព្រោះក្រុមជ្រុលនិយមមានលោក អ៊ុ សំអាន បានចោទប្រកាន់មកលើរាជរដ្ឋាភិបាលថា បានកាត់ដីឱ្យថៃ។

សម្ដេចធិបតី បន្ដថា រឿងនេះ គឺជារឿងធំ រាជរដ្ឋាភិបាល មិនអាចទទួលយកបាននោះទេ គឺត្រូវតែបំភ្លឺឱ្យបានច្បាស់។

សម្ដេចធិបតី មានប្រសាសន៍ថា «ឥឡូវមូលហេតុអ្វី? ជាចាំបាច់អញ្ជើញលោក អ៊ុ សំអាន និងក្រុមគាត់មកជជែកគ្នា និងផ្ទៀងផ្ទាត់ ករណីគាត់ចោទប្រកាន់រាជរដ្ឋាភិបាលធ្វើឱ្យបាត់ដីនៅបង្គោល ៥២-៥៩ ស្មើនឹងចោទប្រកាន់ថា ក្បត់ជាតិ រឿងនេះធំណាស់ តើគោលបំណងស្អី? គោលបំណងចង់ឈ្លោះខ្មែរគ្នាឯង? អត់ទេ។ គោលបំណងរបស់ខ្ញុំ គឺសុំឱ្យតែខ្មែរគ្រប់និន្នាការទាំងអស់ ទាំងនយោបាយ ទាំងក្នុង ទាំងក្រៅប្រទេស សូមរក្សាភាពស្ងាប់ស្ងៀម ទុកឱកាសរាជរដ្ឋាភិបាល កំពុងធ្វើការដោះស្រាយជាមួយថៃ»។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា ដំណាក់កាលនេះ បញ្ហាព្រំដែន មិនទាន់ដោះស្រាយចប់នៅឡើយទេ ប៉ុន្ដែរាជរដ្ឋាភិបាល ធ្វើការងារដោយទទួលខុសត្រូវផងដែរ៕

To Top