ព័ត៌មានជាតិ

សម្តេចធិបតី៖ អង្គភាពសម្របសម្រួល MSME នឹងជួយឱ្យធុរកិច្ចជន មិនបាច់ទៅស្នើឯកសារ តាមក្រសួងស្ថាប័ន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការដាក់ឱ្យដំណើរការ អង្គភាពសម្របសម្រួល សហគ្រាសធុនតូច និងមធ្យម ជាច្រកចេញចូលតែមួយ ដែលធ្វើសកម្មភាព សម្របសម្រួលសេវាចុះបញ្ជី និងការស្នើសុំអាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាតផ្សេងៗ នឹងជួយឱ្យធុរកិច្ចជន មិនចាំបាច់ធ្វើដំណើរទៅគ្រប់ក្រសួងស្ថាប័នឡើយ ។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នៅរាជធានីភ្នំពេញ ។

ក្នុងនោះសម្តេចធិបតី បានបញ្ជាក់ថា ដើម្បីឆ្លើយតប នឹងសំណូមពររបស់ MSME សម្តេចធិបតី បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ គិតគូររកដំណោះស្រាយជាបន្តបន្ទាប់ ក្នុងនោះសមិទ្ធផលការងារមួយ ដែលឃើញជាក់ស្តែង គឺអង្គភាពសម្របសម្រួល សហគ្រាសធុនតូចនិងមធ្យម ដែលទើបត្រូវបានបង្កើតឡើង តាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២៦ កញ្ញា ២០២៦ ដើម្បីជាច្រកចេញចូលតែមួយ ក្នុងការផ្តល់សេវាសម្របសម្រួលដល់ MSME លើការស្នើសុំការចុះបញ្ជី ការផ្តល់ឬការបន្តអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតផ្សេងៗ ព្រមទាំងយន្តការតាមដានការអនុវត្តនិងលើកទឹកចិត្ត ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដើម្បីជំរុញការចាប់ផ្តើម អនុវត្ត«យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» ប្រកបដោយប្រសិទ្ធភាព និងទទួលផ្លែផ្កាពិតប្រាកដ រាជរដ្ឋាភិបាល កំពុងរៀបចំ និងដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត និងវិធានការជាបន្ទាន់មួយចំនួន ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ការបង្កើត និងការដាក់ឱ្យដំណើរការ អង្គភាពសម្របសម្រួល សហគ្រាសធុនតូចនិងមធ្យម ជាច្រកចេញចូលតែមួយ ដែលធ្វើសកម្មភាព សម្របសម្រួលសេវាចុះបញ្ជី និងការស្នើសុំអាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាតផ្សេងៗ ចាប់ពីពេលនេះតទៅធុរជន មិនចាំបាច់ធ្វើដំណើរទៅគ្រប់ក្រសួងស្ថាប័នឡើយ” ។

បន្ថែមលើនេះ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ការគ្រោងដាក់ឱ្យអនុវត្តគម្រោងសាកល្បង នៃការស្នើសុំចុះបញ្ជី និងការផ្តល់អាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាតពាក់ព័ន្ធផ្សេងៗជាកញ្ចប់ តាមរយៈការធ្វើសមញ្ញកម្មនីតិវិធី ជាអតិបរមា តាមថ្នាល CamDX ទាំងស្រុងនាពេលខ្លីខាងមុខ ដែលជាគម្រោងជាក់ស្តែងមួយ មានគោលបំណងឆ្លើយតបនឹងកង្វល់ របស់ធុរជនកន្លងមក ៕

To Top