Feature

លោក ឧត្តមសេនីយ៍ឯក ស្វាយ ចាន់ដា ដឹកនាំកិច្ចប្រជុំពិភាក្សា រៀបចំក្រុមការងារគណៈកម្មការ និងមេប្រយោគ សម្រាប់ការប្រឡងប្រជែង ជ្រើសរើសក្របខ័ណ្ឌមន្ត្រី នគរបាលជាតិ នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់ ៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ឯក ស្វាយ ចាន់ដា អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំក្រុមការងារគណៈកម្មការ និងមេប្រយោគ សម្រាប់ការប្រឡងប្រជែង ជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ បំពេញជួសតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល និងវរសេនាតូចការពារព្រំដែនគោកលេខ៨២៥ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នៅសាលប្រជុំអគារអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួម ពីលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត លោកស្នងការរងទទួលផែនការងារធនធានមនុស្ស ក្រុមការងារការិយាល័យបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមការងារ នៃអគ្គនាយកដ្ឋានធនធានមនុស្ស ព្រមទាំងលោកនាយ និងនាយរងការិយាល័យបុគ្គលិកជាច្រើនរូបទៀត។

កិច្ចប្រជុំនេះមានគោលបំណងពិភាក្សា និងរៀបចំផែនការការងារពាក់ព័ន្ធនឹងការបង្កើតក្រុមការងារគណៈកម្មការ និងមេប្រយោគ ដើម្បីចូលរួមអនុវត្តដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិឱ្យមានរបៀបរៀបរយ និងប្រសិទ្ធភាព ស្របតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់។

ជាមួយគ្នានេះ ការរៀបចំក្រុមការងារឱ្យបានច្បាស់លាស់ និង មានការសហការល្អរវាងអង្គភាពពាក់ព័ន្ធ គឺជាកត្តាសំខាន់ក្នុងការធានា ឱ្យដំណើរការប្រឡងប្រជែង ប្រព្រឹត្តទៅដោយតម្លាភាព យុត្តិធម៌ និងអាចជ្រើសរើសបានបេក្ខជនដែលមានសមត្ថភាព សមស្របតាមតម្រូវការរបស់កងកម្លាំងនគរបាលជាតិ ។

កិច្ចប្រជុំនេះក៏បានបង្ហាញពីការ យកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក្នុងការរៀបចំដំណើរការជ្រើសរើសមន្ត្រី នគរបាលជាតិឱ្យមានភាពម៉ត់ចត់ និងមានស្តង់ដារ ដើម្បីរួមចំណែកពង្រឹងធនធានមនុស្ស និងបំពេញតម្រូវការកម្លាំងនៅ តាមប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រមទាំងអង្គភាពការពារព្រំដែន គោកលេខ៨២៥ ឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ។

អត្ថបទដោយ÷ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
ខេម៉ា / ដើមអម្ពិល

To Top