Feature

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញខេត្តកំពត បន្តអភិវឌ្ឍសមិទ្ធផលថ្មីៗ ដើម្បីបង្កើនភាពទាក់ទាញ

កំពត ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាប្រធានគណៈកម្មការជំរឿន បានជំរុញឱ្យខេត្តកំពតបន្តអភិវឌ្ឍ សមិទ្ធផលថ្មីៗ ដើម្បីបង្កើនភាពទាក់ទាញ និងការប្រកួតប្រជែង ។

ក្នុងឱកាសអញ្ជើញ បើកយុទ្ធនាការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋានភូមិភាគនិរតី នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ានី បានថ្លែងអន្តរាគមន៍បើកយុទ្ធនាការ ដោយបានផ្តល់នូវការណែនាំ និងដាក់ចេញនូវអនុសាសន៍គន្លឹះសំខាន់ៗ ទៅកាន់អង្គពិធីទាំងមូល ។

ក្រៅពីមានប្រសាសន៍ផ្តោត ទៅលើវិស័យរដ្ឋបាលសាធារណៈ លោកឧបនាយករដ្ឋមន្ត្រី បានរំលេចដោយក្តីមោទនភាព និងការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តកំពត ក្រោមការដឹកនាំរបស់លោក អភិបាលខេត្ត ម៉ៅ ធនិន សម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើន គួរឱ្យកត់សម្គាល់នាពេលកន្លងមក ។ សមិទ្ធផលទាំងនេះ បាននិងកំពុងបង្ហាញរូបរាងឡើងយ៉ាងប្រណីត ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកាន់ខេត្តមួយនេះកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានផ្តល់ការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងរដ្ឋបាលខេត្ត ឱ្យបន្តខិតខំថែរក្សា ព្រមទាំងបន្តគំនិតច្នៃប្រឌិត ក្នុងការអភិវឌ្ឍសមិទ្ធផលថ្មីៗបន្ថែមទៀត។

លោក បានគូសបញ្ជាក់ថា ការបន្តអភិវឌ្ឍ ដោយមិនឈប់ឈរនេះ គឺដើម្បីបង្កើនភាពទាក់ទាញផង និងដើម្បីបង្កើនឧត្តមភាព នៃការប្រកួតប្រជែងលើគ្រប់វិស័យរបស់ខេត្តកំពត ជាមួយបណ្តាខេត្តដទៃទៀត និងប្រទេសជិតខាងឱ្យកាន់តែខ្លាំងក្លាថែមទៀតផងដែរ៕

To Top