Feature

បិទចរាចរណ៍ជាបណ្តោះអាសន្ន លើកំណាត់ផ្លូវខេត្តលេខ ១៥១អា ក្នុងស្រុកពញាឮ បន្ទាប់ពីជំនន់ទឹកភ្លៀងឡើងខ្លាំង

ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការបិទចរាចរណ៍រថយន្តធុនតូច និងធុនធំគ្រប់ប្រភេទ នៅលើកំណាត់ ផ្លូវខេត្តលេខ១៥ ១អា ស្ថិតក្នុងភូមិសាស្ត្រ ស្រុកពញាឮ ខេត្តកណ្តាល ជាបណ្តោះអាសន្ន។

បើតាមសេចក្ដីជូនដំណឹង, ស្ថានភាពទឹកជំនន់ទឹកភ្លៀង បាននឹងកំពុងជន់ឡើង យ៉ាងខ្លាំង នៅតាមបណ្តោយផ្លូវខេត្តលេខ ១៥១អា ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល ស្ថានភាពបែបនេះ ធ្វើអោយផ្លូវ-ស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តបានឡើយ។

ហេតុដូចនេះ មន្ទីរសាធារណការ និង ដឹកជញ្ជូន ខេត្តកណ្តាល សូមធ្វើការបិទចរាចរណ៍ជាបណ្តោះអាសន្ន នៅលើកំណាត់ផ្លូវខេត្តលេខ ១៥១អា ដោយមកពីទិសខាងត្បូង បិទចរាចរណ៍រថយន្តធុនធំ ត្រង់ចំណុចផ្សារត្រពាំងព្រាយ ភូមិបឹង សង្កាត់ ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងបិទទាំងរថយន្តធុនតូច ធុនធំ ត្រង់ចំណុចផ្លូវប្រសព្វបីជ្រុង នៅ ភូមិតាពេទ្យ ឃុំជ្រៃលាស់ ស្រុកពញាឮ។

ដោយឡែកការធ្វើចរាចរណ៍មកពីទិសខាងជើង បិទចរាចរណ៍ រថយន្តធុនតូច និងធុនធំ ត្រង់ចំណុចផ្លូវប្រសព្វបីជ្រុង សាលាបឋមសិក្សាត្រពាំងរកា ភូមិត្រពាំងរកា ឃុំ ភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។

ប្រភពដដែល គូសបញ្ជាក់ថា «ការបិទចរាចរណ៍ធ្វើឡើងចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ស្ថានភាពទឹកស្រកអស់ជាធម្មតា ដើម្បីថែរក្សាផ្លូវ-ស្ពានកុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព»៕

To Top