ព័ត៌មានអន្តរជាតិ

ព្យុះទីហ្វុង ចម្ពី ខិតជិតដល់កោះតៃវ៉ាន់ បានរំខានដល់សមយុទ្ធ រវាងសហរដ្ឋអាមេរិក និងជប៉ុន និងការលុបចោលជើងហោះហើរ ជាង ២០០ ជើងនៅក្នុងតំបន់

បរទេស៖ កោះតៃវ៉ាន់បានចេញការព្រមាន សម្រាប់តំបន់ដីគោកនៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយឈ្មោះថា «ចម្ពី» (Champi) កំពុងតែខិតជិតមកដល់ ។ ហេតុការណ៍នេះ បានបណ្តាលឱ្យមានការលុបចោលជើងហោះហើរជាង ២០០ ជើងនៅក្នុងតំបន់ និងបង្ខំឱ្យមានការកែសម្រួល លើសមយុទ្ធយោធា ដ៏សំខាន់មួយរវាងសហរដ្ឋអាមេរិក និងជប៉ុនផងដែរ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ថា យោងតាមរដ្ឋបាលឧតុនិយមមជ្ឈិមតៃវ៉ាន់ (CWA) ព្យុះ «ចម្ពី» ដែលធ្លាប់ជាព្យុះទីហ្វុងកម្រិតខ្លាំងបំផុត (super typhoon) និងជាព្យុះដ៏ខ្លាំងមួយក្នុងចំណោមព្យុះខ្លាំងបំផុតនៅមហាសមុទ្រប៉ាស៊ីហ្វិកក្នុងឆ្នាំនេះ បានចុះខ្សោយបន្តិចនៅថ្ងៃព្រហស្បតិ៍ ប៉ុន្តែវានៅតែមានកម្លាំងខ្យល់បក់បោកខ្លាំងក្នុងល្បឿនជាង ២២៧ គីឡូម៉ែត្រក្នុងមួយម៉ោង នៅជិតចំណុចកណ្តាល។

រដ្ឋបាលឧតុនិយមមជ្ឈិមតៃវ៉ាន់ បានឱ្យដឹងថា ព្យុះនេះស្ថិតនៅចម្ងាយប្រហែល ៥២០ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃចុងខាងត្បូងកោះតៃវ៉ាន់។ គន្លងផ្លូវរបស់ព្យុះនេះបង្ហាញថា វានឹងធ្វើដំណើរឆ្លងកាត់ភាគឦសាននៃកោះតៃវ៉ាន់ បន្ទាប់មកបត់ទៅទិសខាងជើងឆ្ពោះទៅកាន់ឆ្នេរសមុទ្រប្រទេសចិន ហើយទីបំផុតនឹងបន្តដំណើរទៅកាន់ភាគខាងត្បូងប្រទេសជប៉ុន។

រដ្ឋបាលនេះបានបញ្ជាក់ថា កាំនៃព្យុះបានរីកធំឡើងបន្តិចដល់ ៣២០ គីឡូម៉ែត្រ ដែលមានទំហំធំល្មមអាចគ្របដណ្តប់លើផ្ទៃដីភាគច្រើននៃកោះតៃវ៉ាន់។ ទន្ទឹមនឹងនេះ អ្នកជំនាញផ្នែកឧតុនិយមបានលើកឡើងថា ឥទ្ធិពលនៃព្យុះនេះអាចនឹងបន្តកើតមានក្នុងរយៈពេលជិត ២ ថ្ងៃ។

To Top