Feature

ធនាគារ ARDB សហការជាមួយ FASMEC នឹងរៀបចំវេទិកាថ្នាក់ជាតិ លើកទី១ ឆ្នាំ២០២៦

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រៀបចំវេទិកាថ្នាក់ជាតិលើកទី១ ឆ្នាំ២០២៦ ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទាន របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ A, B, C) រាជធានីភ្នំពេញ។

វេទិកាថ្នាក់ជាតិនេះ រៀបចំឡើងក្នុងស្មារតីចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស ដើម្បីលើកកម្ពស់ការអភិវឌ្ឍ សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្រាប់វេទិកាថ្នាក់ជាតិរយៈពេល២ថ្ងៃនេះ ដែលមានបទបង្ហាញ និងកិច្ចពិភាក្សាជុំវិញប្រធានបទសំខាន់ៗ រួមមាន ៖ គោលនយោបាយគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម, ការទទួលបានហិរញ្ញប្បទានតាមរយៈវិស័យធនាគារ និងមិនមែនធនាគារ, ព្រមទាំងតួនាទីនៃទិន្នន័យ និងថ្នាលឌីជីថល។

បន្ថែមពីនេះ វេទិកានឹងមានការរៀបចំកិច្ចសន្ទនាពិសេស ស្តីពី “ការកសាងប្រព័ន្ធអេកូឡូស៊ីហិរញ្ញប្បទាន MSMEs នៅកម្ពុជា៖ គោលនយោបាយភាពជាដៃគូ កាលានុវត្តភាព និងទិសដៅអនាគត”។

វេទិកាថ្នាក់ជាតិនេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ របស់ធនាគារ ARDB ក្នុងការចូលរួមគាំទ្រ MSMEs ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាប្រភពដ៏សំខាន់នៃការងារ និងប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋកម្ពុជា។

ក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុសាធារណៈ ធនាគារ ARDB នឹងបន្តពង្រឹងភាពជាដៃគូ រវាងវិស័យសាធារណៈ និងវិស័យឯកជន ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ី ហិរញ្ញប្បទាន MSMEs ប្រកបដោយបរិយាបន្ន និងចីរភាព, សំដៅចូលរួមចំណែកក្នុងការសម្រេច ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕

To Top