ព័ត៌មានអន្តរជាតិ

លោក ពូទីន តែងតាំងឧបនាយករដ្ឋមន្ត្រីចំនួន ៤ រូប នៅក្នុងការរៀបចំរចនាសម្ព័ន្ធរដ្ឋាភិបាល ឡើងវិញទ្រង់ទ្រាយធំ

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយចំនួនកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីតែងតាំងឧបនាយករដ្ឋមន្ត្រីចំនួន ៤ រូប ព្រមទាំងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថ្មីមួយរូប និងជំនួយការប្រធានាធិបតីមួយរូប។

យោងតាមឯកសារទាំងនោះ ការតែងតាំងនេះមានសុពលភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។​ លោកស្រី អ៊ីរីណា អុកឡាដនីកូវ៉ា អតីតអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាល។

លោក អូឡេហ្គ កូហ្សេមយ៉ាកូ អតីតអភិបាលតំបន់ Primorsky Krai ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងជាតំណាងពិសេសរបស់ប្រធានាធិបតីប្រចាំតំបន់សហព័ន្ធចុងបូព៌ា ។ លោក អាន់ឌ្រី នីគីទីន ដែលធ្លាប់ដឹកនាំក្រសួងដឹកជញ្ជូន ក៏ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រីផងដែរ។

លើសពីនេះ មុខតំណែងថ្មីមួយដែលរួមបញ្ចូលតួនាទីជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងនៅក្នុងគណៈរដ្ឋមន្ត្រី។ លោក អាន់តូន ស៊ីលូអាណូវ អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ត្រូវបានតែងតាំងឱ្យកាន់តំណែងនេះ។
ជាលទ្ធផល នាយករដ្ឋមន្ត្រីនឹងមានឧបនាយករដ្ឋមន្ត្រី បន្ថែមម្នាក់ទៀត ដែលធ្វើឱ្យចំនួនសរុប នៃឧបនាយករដ្ឋមន្ត្រី នៅក្នុងគណៈរដ្ឋមន្ត្រីរុស្ស៊ី​ កើនឡើងដល់ ១១ រូប៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top