លោក ម៉ាក្រុង រិះគន់មេដឹកនាំបរទេសមួយចំនួន ដែលឆ្លៀតយកភាពចលាចល ក្នុងប្រទេសបារាំង ទៅប្រើប្រាស់ដេីម្បីប្រជាប្រិយភាព ក្នុងយុទ្ធនាការឃោសនា នយោបាយរបស់ខ្លួន
ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានរិះគន់មេដឹកនាំបរទេសមួយចំនួន ដែលបានឆ្លៀតយកភាពចលាចលនៅក្នុងប្រទេសបារាំង ទៅប្រើប្រាស់ ដើម្បីជំរុញយុទ្ធនាការនយោបាយរបស់ពួកគេ។
លោកបានច្រានចោលការលើកឡើងរបស់មេដឹកនាំទាំងនោះ ដោយចាត់ទុកថាជាអ្វីមួយដែល «មិនអាចទទួលយកបាន និងល្ងង់ខ្លៅ»។
ការលើកឡើងរបស់លោក ម៉ាក្រុង ត្រូវបានគេយល់ថា សំដៅទៅលើប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ។
ការតវ៉ាបានផ្ទុះឡើងនៅទូទាំងប្រទេសបារាំងកាលពីថ្ងៃសៅរ៍ ដោយមានការប៉ះទង្គិចគ្នាដោយហិង្សានៅក្នុងទីក្រុងជាច្រើន។ តួលេខផ្លូវការបង្ហាញថា ហាងលក់ទំនិញយ៉ាងហោចណាស់ ៣.០០០ កន្លែង នៅទូទាំងប្រទេស ត្រូវបានខូចខាត ឬត្រូវគេលួចយកទំនិញ។
លោក ម៉ាក្រុង បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃទៅកាន់តំបន់ឈូងសមុទ្រ កាលពីថ្ងៃចន្ទ ក្នុងគោលបំណងធានាការផ្គត់ផ្គង់ប្រេងឆៅ និងប្រេងម៉ាស៊ូត ដើម្បីជួយកាត់បន្ថយតម្លៃទំនិញប្រើប្រាស់ ដែលកំពុងកើនឡើងនៅក្នុងប្រទេស។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងដូហា ប្រទេសកាតា កាលពីថ្ងៃពុធ លោកបានលេីកឡេីងថា មិនមានភស្តុតាងណាមួយបង្ហាញពីការជ្រៀតជ្រែកពីបរទេសនៅក្នុងភាពចលាចលនេះទេ ប៉ុន្តែព័ត៌មានអំពីការតវ៉ាទាំងនេះ ត្រូវបានគេបំភ្លៃនៅឯបរទេស ហើយមេដឹកនាំបរទេសមួយចំនួន ថែមទាំងបានធ្វើការលើកឡើងដែល «មិនអាចទទួលយកបាន និងល្ងង់ខ្លៅ» ទៀតផង៕
ប្រែសម្រួល ឈូក បូរ៉ា
