ព័ត៌មានអន្តរជាតិ

កូរ៉េខាងជេីង ព្រមានកូរ៉េខាងត្បូង​ កុំឱ្យជ្រៀតជ្រែកក្នុងកិច្ចការពង្រឹងបន្ទាយនៅតាមព្រំដែន

ព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មាន កណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា មន្ត្រីជាន់ខ្ពស់កូរ៉េខាងជេីងម្នាក់​ បានព្រមានកូរ៉េខាងត្បូង កុំឱ្យជ្រៀតជ្រែក ក្នុងគម្រោងពង្រឹងបន្ទាយរបស់កូរ៉េខាងជេីង នៅតាមបណ្តោយព្រំដែន ភាគខាងត្បូង។

សេចក្តីរាយការណ៍បានឱ្យដឹងថា លោកស្រី គីម យ៉ូជុង ប្រធាននាយកដ្ឋានមួយនៃគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េ បានថ្លែងបែបនេះ​ ដើម្បីឆ្លើយតបទៅនឹងការរិះគន់ថ្មីៗពីសំណាក់ភាគីកូរ៉េខាងត្បូង គឺលោក គីម ប្យុងជូ ដែលជាទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីទទួលបន្ទុកគោលនយោបាយការពារជាតិ។

លោកស្រី គីម បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កូរ៉េខាងជេីង ក្នុងការបន្តអនុវត្ត «គម្រោងអចិន្ត្រៃយ៍​ សម្រាប់ព្រំដែនភាគខាងត្បូង» ដែលលោកស្រី​ បានហៅថាជា «ការងារជួសជុលរបង»។

លោកស្រីបានបញ្ជាក់ថា កូរ៉េខាងជេីង មិនមែនកំពុងធ្វើសកម្មភាព «បង្កហេតុ» នោះទេ ប៉ុន្តែជាការឆ្លើយតបដ៏ត្រឹមត្រូវមួយ ។ លោកស្រី បានកត់សម្គាល់ថា «ប្រសិនបើគម្រោងពង្រឹងបន្ទាយ នៅព្រំដែនភាគខាងត្បូងត្រូវបានបញ្ចប់ នោះហានិភ័យនៃជម្លោះយោធារវាង កូរ៉េខាងជេីង និង កូរ៉េខាងត្បូង នឹងថយចុះយ៉ាងខ្លាំង ហើយបញ្ហាស្មុគស្មាញជាច្រើននឹងត្រូវបានដោះស្រាយ»៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top